ក្រៅពីការសោកស្ដាយអាឡោះអាល័យ នៅការបាត់បង់ធនធានសិល្បៈ ដ៍សំខាន់មួយនេះ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺធ្វើពិធីបុណ្យសពតាមប្រពៃណី ដើម្បីជាកិច្ចជូនដំណើរលោកទៅកាន់ទីឋានដែលសុខសាន្តនោះ ស្រាប់តែមានហេតុការណ៍មួយបានកើតឡើងដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។
សូមជម្រាបថា លោកគ្រូ ទិត្យ សែម សាស្ត្រាចារ្យផ្នែកល្ខោនខោលបានទទួលមរណភាពហើយ កាលថ្ងៃទី23 ខែឧសភា ឆ្នាំ2020 នៅថ្ងៃបុណ្យសព្វ វិញ្ញាណរបស់លោកបានចូលសណ្ឋិតចាំប្រុសដែលមិនដែលចេះរាំសោះ ទៅរាំនៅមុខមជ្ឈូស ធ្វើឱ្យម្នាក់ៗដែលចូលរួមពិធីបុណ្យនោះ ព្រឺសម្បុរគ្រប់ៗគ្នា។ បើតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ព្រហ្ម ពុធវិសាល បានសរសេរថា «លើកទីមួយដែលខ្ញុំមើលផ្ទាល់និងភ្នែក វិញ្ញាណគាត់នៅតែល្ខោនខោល ចៅប្រុសរបស់គាត់មិនមែនអ្នកល្ខោនខោលទេ គាត់អត់ចេះរាំទេ»។ វីដេអូ និងរូបភាពទាំងនេះ ត្រូវបានគេចែកចាយយ៉ាងច្រើន។
គួរបញ្ជាក់ដែរថា នៅមិនមានឯកសារណាមួយ បានលម្អិតពីប្រវត្តិ លោកគ្រូ ទិត្យ សែម នោះទេ ប៉ុន្តែលោកត្រូវបានមហាជនស្គាល់ថា សាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោលជាង40ឆ្នាំមកហើយ។ ជាង40ឆ្នាំ នៃជីវិតលើវិថីសិល្បៈនេះ លោក ទិត្យ សែម បានសាងស្នាដៃជាច្រើនធ្វើឲ្យសិស្សានុសិស្សដែលបានសិក្សាជាមួយលោក គោរពស្រលាញ់ជាខ្លាំង។ ក្នុងនោះដែរ ក្រៅពីសម្ដែងក្នុងស្រុក លោកធ្លាប់បានចេញសម្ដែង ជំនាញសិល្បៈរបស់លោកនៅក្រៅប្រទេសជាច្រើនប្រទេស។ លោក បានទទួលមរណភាពកាលថ្ងៃទី23 ខែឧសភា ឆ្នាំ 2020ដោយរោគាពាធ។ បុរសម្នាក់ដែល គេស្គាល់ថា ជាចៅបង្កើតរបស់ លោក បានងើបឡើងរាំ ក្បាច់យក្សនឹងក្បាច់ស្វា ស្របពេលដែលភ្លេងពិណពាទ្យកំពុងតែលេងកំដររោង ដោយចៅប្រុសម្នាក់នោះកន្លងមក មិនធ្លាប់ចេះរាំ សូម្បីតែបន្តិច។ ដំណើរនៃការរាំរបស់ចៅប្រុសម្នាក់នោះ អ្នកដែលចូលក្នុងពិធី និយាយថា មានលក្ខណៈដូចនឹងលោកគ្រូ ទិត្យ សែម តែម្ដង ហើយម្នាក់គិតថា វិញ្ញាណរបស់លោកបានចូលសណ្ឋិត ។ ពេលឃើញសកម្មភាពរាំរបស់ ចៅប្រុសម្នាក់នោះ ម្នាក់ៗបានទាញទូរស័ព្ទថត ទាំងព្រឺសម្បុរគ្រប់ៗគ្នា៕