ក្រុមហ៊ុន Facebook នឹងអនុញ្ញាតឱ្យបុគ្គលិកយ៉ាងតិចពាក់កណ្ដាលធ្វើការពីចម្ងាយទាំងស្រុងក្នុងបំណងក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការផ្លាស់ប្ដូរវិធីធ្វើការក្នុងពិភពលោកនាពេលដ៏ខ្លីខាងមុខ។
CEO របស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានចែករំលែកព័ត៌មាននៅលើទំព័រផ្ទាល់ខ្លួនរបស់លោកថា បុគ្គលិករបស់ខ្លួនអាចដាក់ពាក្យធ្វើការពីចម្ងាយ ដោយមិនចាំបាច់មកក្រុមហ៊ុន ចាប់ពីចុងឆ្នាំនេះ។ “យើងនឹងអនុវត្តលើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយការទទួលខុសត្រូវ។ ការផ្លាស់ប្ដូរនេះនឹងត្រូវចំណាយពេលចាប់ពី5ទៅ10ឆ្នាំ ប៉ុន្តែវាអាចលឿនជាងនេះ”។ លោក Zuckerberg សង្កត់ធ្ងន់ថា “ប្រហែល50% (នៃបុគ្គលិក) នឹងប្ដូរទៅធ្វើការពីចម្ងាយជារៀងរហូត”។
បច្ចុប្បន្ន Facebook មានបុគ្គលិកជាង48,000នាក់ ធ្វើការនៅក្នុងការិយាល័យចំនួន70នៅទូទាំងពិភពលោក។
Facebook បានរៀបផែនការបើកការិយាល័យរបស់ខ្លួនឡើងវិញនៅថ្ងៃទី6កក្កដាខាងមុខ។ តាមគម្រោង ក្រុមហ៊ុននេះនឹងមានបុគ្គលិកតែ25%ប៉ុណ្ណោះដែលនឹងមកធ្វើការនៅក្នុងការិយាល័យ។ ស្ថាបនិករបស់ Facebook បានឱ្យដឹងថា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំតាមអនឡាញមួយ លោក “ត្រូវបានបញ្ចុះបញ្ចូល” ទាក់ទិននឹងទៅផលប្រយោជន៍នានានៅពេលអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ ពិសេសគឺការសន្សំសំច័យថាមពលអគ្គិសនី និងការការពារបរិស្ថាន។
តាមគម្រោង ក្រុមហ៊ុន Facebook នឹងជ្រើសរើសបុគ្គលិកសរុបប្រមាណជា10,000នាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ។ បន្ទឹមនឹងនេះ Facebook ក៏នឹងបង្កើតមជ្ឈមណ្ឌលមួយចំនួននៅ Atlanta, Dallas និង Denver នៃសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ Zuckerberg បញ្ជាក់ថា នេះគ្រាន់តែជាទីកន្លែងសម្រាប់បុគ្គលិកមកប្រជុំតែប៉ុណ្ណោះ មិនមែនជាការិយាល័យនោះទេ។
បុគ្គលិករបស់ Facebook ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ NYTimes ថា ក្រុមការងារដែលធ្វើការពីចម្ងាយ មានការលំបាកណាស់នៅពេលត្រូវត្រួតពិនិត្យខ្លឹមសាររាប់មិនអស់នៅលើ Facebook ពិសេសគឺព័ត៌មានក្លែងក្លាយទាក់ទងនឹង COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស