ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានរៀបចំពីធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូស្តីពីការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយ ដើម្បីធានាផ្តល់ការអប់រំទៅកាន់គ្រប់គ្នាបើទោះបីជាសាលារៀនត្រូវបិទទ្វាដោយសារតែបញ្ហា Covid-19 ក៏ដោយ។
ក្រសួងអប់រំបានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺCovid-19ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបិទសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស។ យ៉ាងនេះក្ដី ក្រសួងអប់រំ យុវជន និងកីឡា នៅតែខិតខំរិះរកមធ្យោបាយក្នុងការជំរុញឱ្យការអប់រំមានដំណើរការជាធម្មតាឡើងវិញ។
ក្នុងនោះដែរតាមរយៈមានគាំទ្រទាំងថវិកា និងបច្ចេកទេសពីសំណាក់អង្គការយូណេស្កូ ការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយត្រូវបានដាក់ដំណើរការជាផ្លូវការ ដែលជាមធ្យោបាយល្អបំផុតក្នុងការជំរុញការសិក្សារបស់ប្រជាពលរដ្ឋ យុវជន និងកម្មករ កម្មការិនីរោងចក្រ ក៏ដូចជាការឆ្លើយតបជាមួយការអប់រំក្នុងយុគសម័យឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ទើបចេញផ្សាយនូវកាលវិភាគប្រចាំថ្ងៃ សម្រាប់កម្មវិធីប៊ីប ដែលចាក់ផ្សាយវីដេអូមេរៀនលើទំព័រហ្វេសប៊ុក facebook.com/krou.moeys.gov.kh/ និង facebook.com/BEEPCambodia រៀងរាល់ថ្ងៃចន្ទ ដល់សៅរ៍ ចាប់ពីម៉ោង17:30-18:30 ល្ងាច ។
សូមជម្រាបថា តាមរយៈការបង្កើតគណៈកម្មការដឹកនាំផលិតវីដេអូស្តីពីការបង្រៀនអក្ខរកម្មពីចម្ងាយ ក្រុមការងារបានសម្រេចថតវីដេអូស្ដីពីការបង្រៀនអក្ខរកម្មមុខវិជ្ជាគណិតវិទ្យាចំនួន 29វីដេអូ ថតនៅស្ទូឌីយោពហុមេឌានៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងមុខវិជ្ជាភាសាខ្មែរចំនួន 55វីដេអូ ថតនៅស្ទូឌីយោនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ។ ដោយឡែកការផលិតវីដេអូកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានចំនួន 60វីដេអូ គឺជាបន្ទុក និងថតនៅស្ទូឌីយោនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៕