គំនូរជីវចលដែលមានចំណងជើងថា «គ្រួសាររីករាយ» ជាវីដេអូអប់រំកុមារពីរបៀប និងការផ្លាស់ប្តូរឥរិយាបទសង្គមក្នុងពេលរីករាលដាលនៃជំងឺ Covid-19 ត្រូវបានផលិតដោយក្រសួងអប់រំ និងអង្គការដៃគូដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍មួយចំនួននៅកម្ពុជារយៈពេលពេញមួយខែ។
គំនូរជីវចលនេះនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី 23 ខែឧសភា ឆ្នាំ2020 តទៅ ដោយវាត្រូវបានសហការផលិតដោយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការUNICEF និង Breakthrough-ACTION តាមរយៈ អង្គការ Save the Children។
ខ្សែវីដេអូភាគដែលមានលក្ខណៈសប្បាយក្នុងន័យអប់រំនេះ ផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី5 ដល់10ឆ្នាំ ហើយមានគ្រួសារទន្សាយជាតួអង្គ ។ ដំណើររឿង និងសារ មានដូចជាការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពសង្គម ស្វ័យសិក្សានៅផ្ទះ សុខមាលភាពផ្លូវចិត្ត និងផ្លូវកាយ និងការរើសអើង។ វគ្គនីមួយៗ គឺមានលក្ខណៈប្លែកៗពីគ្នា និងទាក់ទាញសម្រាប់ឪពុកម្តាយ និងអ្នកថែទាំកុមារផ្សេងទៀត ដែលនឹងរៀនជាមួយកូនៗផងដែរ ពីវិធីអនុវត្តវិធានការការពារពីជំងឺកូវីដ19។
លោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ភាពស៊ាំរបស់កុមារទៅនឹងជំងឺCovid-19 មិនទាន់រឹងមាំទេ ហើយកុមារអាចដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការឆ្លងរាលដាល មិនត្រឹមតែក្នុងចំណោមពួកគេទេ ប៉ុន្តែផ្តល់ព័ត៌មានដល់ឪពុកម្តាយ និងកុមារតូចៗផងដែរ។ ជាទូទៅ ការឆ្លងជំងឺនេះ បានរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារ ដែលមិនបានយល់ដឹងពីការអនាម័យខ្លួនប្រាណ។ យើងមិនសូវមានព័ត៌មានដែលអាចជឿជាក់ និងដែលមានលក្ខណៈកុមារមេត្រី ពីវិធានការការពារពីជំងឺCovid-19 សម្រាប់កុមារ អាយុពី5 ទៅ10ឆ្នាំ និងមិនសូវមានលំហូរព័ត៌មានពីការការពារពីជំងឺកូវីដ១៩ដល់ក្រុមដែលងាយរងគ្រោះដូចជា លោកតា លោកយាយ ជាពិសេសលោកយាយ និងមីងដែលជាអ្នកមើលថែកុមារផ្ទាល់ ដោយសារសាលាត្រូវផ្អាកការសិក្សា។ វិធានការដែលសាមញ្ញ និងព័ត៌មានដែលសមស្របនឹងអាយុកុមារអាចជួយការពារកុមារពីការឆ្លងជំងឺCovid-19 បាន៕