គ្រួសារមួយនៅក្នុងរដ្ឋ Virginia ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសមត្ថកិច្ច នៅពេលដែលសម្រេចចិត្តប្រគល់ប្រាក់ជិតមួយលានដុល្លារដែលពួកគេរើសបាននៅលើដងផ្លូវ ទៅឱ្យម្ចាស់ដើមវិញ។
ប្ដីប្រពន្ធ លោក David និងនាង Emily Schantz កាលពីថ្ងៃទី16ឧសភា បានបើកឡានដឹកកូនៗចាកចេញពីផ្ទះនៅតំបន់ Caroline ភាគខាងជើងទីក្រុង Richmond រដ្ឋ Virginia នៃសហរដ្ឋអាមេរិក។ ក្នុងពេលធ្វើដំណើរ រថយន្តបានកិនចំថង់មួយនៅលើផ្លូវ។ ដំបូងឡើយ ពួកគេនឹកស្មានថាជាថង់សំរាម ប៉ុន្តែពេលឈប់ដើម្បីពិនិត្យមើល ស្រាប់តែឃើញថង់មួយផ្សេងទៀតនៅក្នុងប្រឡាយមួយដែលនៅក្បែរនោះ។
រហូតមកដល់ផ្ទះ ទើបពួកគេដឹងថា បានរើសបានប្រាក់ជិតមួយលានដុល្លារអាមេរិក។ ប្រាក់ទាំងនេះត្រូវបានដាក់នៅក្នុងថង់ផ្លាស្លឹក។
ជំនួសឱ្យការរក្សាទុក “ទ្រព្យដែលទេវតាប្រទាន” នេះ គ្រួសារ Shantz ក៏បានសម្រេចចិត្តយកវាទៅប្រគល់ឱ្យសមត្ថកិច្ចនៃតំបន់ Caroline។ មន្ត្រីនគរបាលម្នាក់ ឈ្មោះ Scott Moser បានថ្លែងថា “មនុស្សដែលចិត្តល្អបែបនេះ គឺកម្របានជួបណាស់។ យើងពិតជាមានមោទនភាពចំពោះពួកគេ ហើយពួកគេគឺជាតំណាងនៃភាពស្មោះត្រង់”។
ចំណេកនាង Schantz វិញ បាននិយាយថា គ្រួសាររបស់ពួកគេគ្រាន់តែធ្វើរឿងមួយដែល “ត្រឹមត្រូវ” ប៉ុណ្ណោះ។ “ប្រាក់ទាំងនេះមិនមែនជារបស់គ្រួសារខ្ញុំទេ”។
សមត្ថកិច្ចមិនទាន់បានដឹងច្បាស់អំពីមូលហេតុដែលនាំឱ្យមានថង់ប្រាក់ដ៏ច្រើនបែបនេះធ្លាក់នៅលើផ្លូវនេះនៅឡើយ ប៉ុន្តែជឿជាក់ថា ប្រាក់ទាំងនេះប្រាកដជាបានធ្លាក់ក្នុងពេលម្ចាស់របស់វាកំពុងដឹកទៅកាន់ធនាគារ។ ប្រាក់ជិតមួយលានដុល្លារនេះត្រូវបានបញ្ជូនត្រឡប់ទៅកាន់ម្ចាស់ដើមវិញ តាមរយៈប្រៃសណីយ៍៕
ប្រភព៖ សារព័ត៌មានបរទេស