សហរដ្ឋអាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន 7.5លានដុល្លារដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺ Covid-19 ចំពោះសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតលើវិស័យសុខភាពនៅកម្ពុជា។
ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន 7.5លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន 5លានដុល្លារ សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺ Covid-19 និងថវិកាចំនួន 2.5លានដុល្លារអាមេរិកទៀតជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា។
ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំការបណ្តុះបណ្តាលជំនាញការងារឡើងវិញ សម្រាប់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន៕