ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសថ្មីមួយស្តីពីការដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020។
នៅក្នុងប្រកាសដែលចុះហេត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម មានគោលដៅសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ប្រើប្រាស់ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020 ដើម្បីជួយសម្រួលការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបានព្យូរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់មេរោគ Covid-19។
ផែនការនេះនឹងផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្តែងតាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏ផ្គត់ផ្គង់ដោយអ្នកផ្គង់ផ្គង់ឯកជនដែលទិញប្រភពអគ្គិសនី ពីអគ្គិសនីកម្ពុជាក៏ដោយ។
ផែនការនេះក៏ផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន 25% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល 3ខែ ដើមឆ្នាំ (ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19៕