យុទ្ធសាស្ត្រ “មុខទល់នឹងមុខ” ជាមួយនឹងក្រុមហ៊ុនធំៗក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិកដូចជា Amazon និង eBay ជាដើម នឹងអាចនាំមកនូវផលប្រយោជន៍ជាទីគាប់ចិត្តដល់ Facebook ក៏ប៉ុន្តែ វាក៏កង្កប់ទៅដោយហានិភ័យច្រើនសម្រាប់បណ្ដាញសង្គមខ្នាត “យក្ស” មួយនេះដែរ។
អត្ថបទទាក់ទង>Facebook នឹងបង្កើតផ្សារអនឡាញ ទាំងនៅលើ Facebook ទាំងនៅលើ Instagram
កាលពីថ្ងៃទី19ឧសភាកន្លងទៅ បណ្ដាញសង្គមធំជាងគេបង្អស់ក្នុងពិភពលោកបានឧទ្ទេសនាមមុខងារថ្មីមួយ ឱ្យឈ្មោះថា Facebook Shops ដែលអនុញ្ញាតឱ្យអ្នកជំនួញទាំងឡាយបង្កើត “តូបស្រមោល” ដើម្បីដាក់លក់ផលិតផលរបស់ខ្លួននៅលើ Facebook ផង និងនៅលើ Instagram ផង។
CEO របស់ Facebook បានឱ្យដឹងថា Facebook Shops នឹងកែលម្អបទពិសោធន៍ជំនួញដែលធ្វើឡើងតាមរយៈគេហទំព័រនៃផ្សារអនឡាញបច្ចុប្បន្ន ដោយការរក្សាទិន្នន័យពាក់ព័ន្ធនឹងការទូទាត់ដែលត្រូវបានបញ្ជាក់ដោយអ្នកប្រើប្រាស់នៅកន្លែងតែមួយគត់ ហើយក្រោយមក ពួកគេអាចប្រើប្រាស់ទិន្នន័យរបស់ខ្លួននៅគ្រប់ផ្សារអនឡាញ ឱ្យតែផ្សារទាំងនោះស្ថិតនៅក្នុងបណ្ដាញសង្គម Facebook ឬ Instagram។
នេះគឺយុទ្ធសាស្ត្រមួយដែលជួយឱ្យ Facebook ក្លាយជាគូប្រជែងដ៏ធំ និងផ្ទាល់របស់បណ្ដាផ្សារអនឡាញវ័យចំណាស់ ដូចជាផ្សារ Amazon ផ្សារ eBay ឬផ្សារ Etsy ជាដើម។ល។ ការដែលក្រុមហ៊ុន “យក្ស” ដូចជា Facebook ប្ដេជ្ញាដណ្ដើមចំណេកទីផ្សារក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិកបែបនេះ ប្រាកដណាស់ថា វានឹងធ្វើឱ្យ Amazon និង eBay ជាដើម ត្រូវ “ដេកមិនលក់ បក់មិនល្ហើយ” មិនខាន។
ក៏ប៉ុន្តែ បើទោះជាយុទ្ធសាស្ត្រនេះរបស់ Facebook ត្រូវបានគេមើលឃើញថា “ដើរទាន់សភាពការណ៍” យ៉ាងណាក៏ដោយ Business Insider បានវាយតម្លៃថា Facebook កំពុងតែប្រថុយប្រថាន ហើយថានឹងអាចប្រឈមនឹងហានិភ័យច្រើនផងដែរ។ មូលហេតុដែលត្រូវបាន Business Insider លើកឡើង នោះគឺថា បណ្ដាញសង្គមដែលមានតម្លៃ607ពាន់លានដុល្លារនេះ ធ្លាប់ជួបរឿងអាស្រូវជាច្រើនដែលជាប់ទាក់ទិននឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនឹងនេះ នៅលើបណ្ដាញសង្គម Facebook ក៏នៅមានទិន្នន័យដែលមានខ្លឹមសារអាក្រក់ជាច្រើន រួមនឹង ទំនិញហាមឃាត់ និងខ្លឹមសារខុសច្បាប់ផ្សេងទៀតដែលមិនទាន់មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងពេញលេញនៅឡើយ។
បើសិនជា Facebook សម្រេចចិត្តពង្រីកទំហំពាណិជ្ជកម្មអេឡិកត្រូនិក ប៉ុន្តែមិនអាចគ្រប់គ្រងខ្លឹមសារអាក្រក់ ទំនិញហាមឃាត់ ឬខ្លឹមសារខុសច្បាប់ជាដើម វាប្រៀបដូចជា “កាំបិតមុខពីរ” ដែលអាចនាំឱ្យក្រុមហ៊ុននេះ ត្រូវប្រឈមនឹងបញ្ហាអាស្រូវថ្មីៗបំផុតនាពេលខាងមុខ៕
ប្រភព៖ សារព័ត៌មានបរទេស