ឆ្នាំ2020នេះ តារាកំប្លែងជើងចាស់ប្រចាំប្រទេសកម្ពុជា លោកតា សង់ ស៊ីស មានអាយុ 75ឆ្នាំទៅហើយ។ លោកតាមានជំងឺប្រចាំកាយលើសឈាម ត្រូវការព្យាបាលឱ្យបានដិតដល់ រហូតដល់ពេលខ្លះត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាប្រចាំខែទៀតផង។
តាមការបញ្ជាក់របស់កូនៗលោកតា បានឱ្យដឹងថា ស្ថានភាពជំងឺរបស់លោកតាកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃលោក មានកម្រិតឈាមឡើងខ្ពស់ រហូតដល់ធ្វើឱ្យទាញដៃទាញជើង វៀចមាត់ និងនិយាយលែងចេញក៏មានដែរ។ ជុំវិញស្ថានភាពជំងឺនាយកំប្លែងជើងចាស់នេះ វិវត្តន៍បែបណានោះ អ្នកនាង សុន ស្រីពេជ្រ ដែលជាកូន និងជាតារាចម្រៀងលេចធ្លោ បានឱ្យដឹងថា ជំងឺលោកឪពុករបស់នាង មានភាពប្រសើរ សុខភាពល្អធម្មតា ប៉ុន្តែគាត់វង្វេងច្រើនណាស់ ឧស្សាហ៍ដើរទៅនេះ ទៅនោះបើមិនតាមមើលគាត់ឱ្យល្អិតល្អន់ទេនោះ គឺរកគាត់មិនឃើញនោះទេ។
អ្នកនាងបន្តថា មានពេលមួយគាត់ដើរចេញពីផ្ទះ ដោយមិនមានអ្នកដឹង ទៅទើនៅហាងកាហ្វេមួយកន្លែងម្តុំផ្ទះ គេក៏ឃាត់គាត់ទុក ដើម្បីកុំឱ្យសាច់ញាតិតាមរកឆ្ងាយ។ គ្រានោះកូនចៅបាននាំគ្នាជិះម៉ូតូរករូបគាត់ឡើងបុកពោះ តែគេស្គាល់គាត់ក៏ឃាត់គាត់ទុកមួយកន្លែង ។ យ៉ាងណា ឪពុកនាងនៅប្រើថ្នាំពេទ្យម្តងម្កាល ដើម្បីជំនួយសុខភាព បើការនិយាយវិញ គាត់និយាយឡុលៗ មិនច្បាស់នោះទេ៕