ក្រោយពេលស្ថានភាពការរីករាលដាលនៃជំងឺ Covid-19 បានស្ងប់ស្ងាត់បន្តិចពីប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិឱ្យបានទស្សនាឡើងវិញចាប់ពីខែមិថុនា ខាងមុខនេះ។
នៅក្នុងលិខិតដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើរជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់រលកទី2នៃការចម្លងវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា និងបន្តចូលរួមការពារហានិភ័យនៃការចម្លងជំងឺ Covid-19 ព្រមទាំងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 នាថ្ងៃទី 12 ខែឧសភាឆ្នាំ 2020 ដោយមានចំណារឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី13 ខែឧសភា ឆ្នាំ2020 ក្រសួងសុខភិបាល និងក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 សូមជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីថា សារមន្ទីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនាចាប់ពីខែមិថុនា ឆ្នាំ2020នេះតទៅ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលសូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថាមុនពេលបើកដំណើរការត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យនៃការចម្លងវីរុស Covid-19 ដូចជាការស្កែនកម្តៅភ្ញៀវមុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើអាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយអនុវត្តឱ្យបានគ្រប់បុគ្គល ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការងារនៅទីនោះ និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលសារមន្ទីឡើយ៕