ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសថៃនឹងត្រូវបាន “កសាង” ឡើងវិញដោយមានការជួយជ្រោមជ្រែងពីតុលាការផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនេះ ដើម្បីជៀសវាងការរំលាយ ឬការលក់ចោល។ល។
កាលពីថ្ងៃទី19ឧសភាពកន្លងទៅ ក្រុមហ៊ុន Thai Airways បានប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលប្រទេសថៃ បានយល់ព្រមចំពោះគម្រោងបង្កើតរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ដោយតុលាការហិរញ្ញវត្ថុរបស់ប្រទេសនេះជាអ្នកឃ្លាំមើល។ ផែនការខាងលើនេះត្រូវបានធ្វើឡើងដើម្បីបញ្ជៀសបញ្ហាដែលនាំឱ្យក្រុមហ៊ុន Thai Airways ត្រូវរំលាយ ឬមួយត្រូវលក់ចោល ឬក៏ត្រូវប្រកាសក្ស័យធន។ ក្រសួងហិរញ្ញវត្ថុថៃ និងធនាគារសន្សំរបស់រាជរដ្ឋាភិបាលកំពុងកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះ។
“នេះគឺជាការសម្រេចដ៏លំបាកមួយ ប៉ុន្តែវាត្រូវបានធ្វើឡើងទៅតាមវិធីដែលអាចជួយការពារផលប្រយោជន៍ជាតិ និងប្រជាជនថៃ។ ខ្ញុំ និងអ្នករាល់គ្នាសង្ឃឹមថា Thai Airways នឹងក្លាយជាមោទកភាពឡើងវិញរបស់ប្រទេសជាតិ” នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចន្ទអូឆា (Prayut Chan-o-cha) ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ(19ឧសភា)។
តាមគម្រោង នៅក្នុងការបង្កើតរចនាសម្ព័ន្ធឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងដំណើរការដូចធម្មតា ប៉ុន្តែ គេនៅមិនដឹងច្បាស់ថា ប្រការខាងលើនេះនឹងអាចប៉ះពាល់បែបណាដល់សេវាកម្ម ឬការងារនៅក្នុងក្រុមហ៊ុននេះនៅឡើយ។
បន្ទាប់ពីព័ត៌មានខាងលើនេះត្រូវបានប្រកាស តម្លៃមូលបត្ររបស់ Thai Airways បានកើន14.6% នៅលើផ្សារហ៊ុន Bangkok។ សូមរំឭកថា ចាប់ពីដើមឆ្នាំ តម្លៃមូលបត្ររបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះសរុប32%។
នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកបានលើកឡើងនូវដំណោះស្រាយជាច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ក្នុងនោះក៏មានរាប់បញ្ចូលទាំងការលក់ចេញក្រុមហ៊ុននេះផងដែរ។ ក៏ប៉ុន្តែ ការសម្រេចជាចុងក្រោយបានដើរផ្ទុយពីនេះ ព្រោះថា បើសិនជាលក់ចេញ វានឹងធ្វើឱ្យបុគ្គលិកជាង20,000នាក់ត្រូវបាត់បង់ការងារ។
“ប្រទេសថៃ និងពិភពលោកទាំងមូលកំពុងប្រឈមមុខជាមួយនឹងវិបត្តិ។ ចំណូលរបស់អ្នករាល់គ្នាកំពុងថយចុះព្រោះតែ COVID-19។ យើងត្រូវផ្ដល់អាទិភាពទៅឱ្យផ្នែកហិរញ្ញវត្ថុ ដើម្បីជួយអ្នករាល់គ្នាក្នុងពេលអនាគតខាងមុខ” នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ។
ដូចទៅនឹងក្រុមហ៊ុនអាកាសចរណ៍ដទៃ Thai Airways បានផ្អាកជើងហោះហើរស្ទើរតែទាំងស្រុង នៅពេលតម្រូវការនៃការធ្វើដំណើរតាមយន្តហោះបានថយចុះយ៉ាងគំហុក។
យោងតាមឯកសាររបស់នាយកដ្ឋានគ្រប់គ្រងផ្សារមូលបត្រថៃ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់ប្រាក់ចំនួន2.11ពាន់លានបាត(ជិត66លានដុល្លារអាមេរិក)ក្នុងឆ្នាំ2017 ហើយបន្តខាត11.6ពាន់លានបាត(361លានដុល្លារ)ក្នុងឆ្នាំ2018 និងខាត12ពាន់លានបាត(374លានដុល្លារ)ក្នុងឆ្នាំ2019៕
ប្រភព៖ សារព័ត៌មានបរទេស