រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗនៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ អាជ្ញាធរគ្រោងនឹងធ្វើផ្លូវក្រោមដីចំនួន 3ខ្សែបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងផ្លូវក្រោមដីទី1 គឺស្ថិតនៅចំណុចផ្លូវជាតិលេខ1 ដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប៉េងហួត បានឯកភាពគ្នាលើកជាគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH Eco Mall ទៅផ្លូវជាតិលេខ1 ស្ថិតក្នុងសង្កាត់និរោធ។ ផ្លូវក្រោមដីទី2 ស្ថិតនៅផ្លូវសហព័ន្ធរុស្សី នៅមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្លូវក្រោមដីទី3 ស្ថិតនៅម្តុំក្តាន់ពីរក្បែក្រសួងការពារជាតិ។ គម្រោងទាំងអស់នេះត្រូវធ្វើឡើងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍៕