ស្រ្តីជាច្រើននាក់ដែលមុនពេលមានគភ៌ ភាគច្រើននឹងមានអាការឈឺពោះពេលមានវដ្តរដូវរាល់ខែ លុះដល់ពេលមានគភ៌ក៏គិតថា ការមានគភ៌នឹងធ្វើឱ្យលែងមានអាការឈឺពោះ តែការពិតវិញនោះ មិនមែនដូច្នេះឡើយ ព្រោះស្រ្តីមានផ្ទៃពោះសឹងតែគ្រប់គ្នាតែងតែមានអាការឈឺពោះខណៈពេលមានគភ៌ អ្នកខ្លះឈឺខ្លាំង អ្នកខ្លះឈឺតិច ដែលអាការម្នាក់នឹងខុសប្លែកពីគ្នា។ បើជាការឈឺពោះបន្តិចបន្តួច អ្នកម្តាយមិនចាំបាច់កង្វល់ឡើយ ព្រោះជារឿងប្រក្រតីទេ តែបើមានអាការឈឺបែបធ្ងន់កន្តុកទៅក្រោម ឬឈឺខ្លាំងឡើងៗជារឿយៗនោះ ក៏គួរតែត្រូវសង្កេតមើលអាការផ្សេងៗរួមជាមួយផងហើយ។
ហេតុអីទើបអ្នកម្តាយមានអាការឈឺពោះខណៈពេលមានគភ៌
ការតាំងគភ៌ក្នុងត្រីមាសដំបូង រាងកាយរបស់អ្នកម្តាយនឹងមានអាការប្រែប្រួលផ្សេងៗយ៉ាងឆាប់រហ័ស រហូតដល់អ្នកម្តាយអាចនឹងទប់ទល់មិនទាន់ ទើបធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះ និងមូលហេតុសំខាន់នោះគឺ ស្បូនរបស់អ្នកម្តាយកំពុងចាប់ផ្តើមពង្រីកខ្លួនឱ្យធំឡើងហ្នឹងឯង។
ក្នុងអំឡុងពេលដំបូងៗដែលតាំងគភ៌ អ្នកម្តាយអាចចាប់ផ្តើមឈឺពោះផ្នែកខាងស្តាំ ឬ ឆ្វេង ឈឺបែបបន្តិចបន្តួចដោយសារតែការទម្លាក់ខ្លួនរបស់កូនជីវិត។ អាការឈឺពោះដែលបណ្តាលមកពីមូលហេតុនេះនឹងមិនកើតឡើងយូរទេ និងនៅពេលទម្លាក់ខ្លួនរួចរាល់ហើយ អ្នកម្តាយអាចមានអាការឈឺពោះពីអាការឈឺស្បូនដែលចាប់ផ្តើមមានការប្រែប្រួលដើម្បីពង្រីកឱ្យធំឡើងជារឿយៗយ៉ាងយឺតៗដើម្បីមិនឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងខ្លាំងពេក។
ប្រាកដណាស់ថា ការតាំងគភ៌មិនបានចប់ក្នុងអំឡុងពេល 2 – 3 ខែនោះទេ ស្បូននឹងពង្រីកខ្លួនធំឡើងទៅជារឿយៗរហូតទាល់តែដល់កំណត់ប្រសូត ក្រៅពីនេះក្នុងអំឡុងពេលមានគភ៌ បើអ្នកម្តាយមានភេទសម្ព័ន្ធ ឬការដើរ ការហាត់ប្រាណ ការដើរឡើងចុះជណ្តើរនោះ ក៏អាចធ្វើឱ្យអ្នកម្តាយមានអាការឈឺពោះផ្នែកខាងក្រោមបានដែរ ដោយសារតែការប្រើការរបស់សាច់ដុំលើផ្នែកនោះហ្នឹងឯង។
តើត្រូវធ្វើយ៉ាងណានៅពេលមានអាការឈឺពោះក្នុងអំឡុងពេលមានគភ៌?
បើអាការឈឺពោះផ្នែកខាងក្រោមរបស់អ្នកម្តាយជាអាការឈឺពោះបែបប្រក្រតីមិនពាក់ព័ន្ធជាមួយសភាវរលូតអ្វីទេនោះ អ្នកម្តាយអាចសម្រាលអាការឈឺពោះបែបនេះបាន ដូចខាងក្រោមនេះ ៈ
– បញ្ឈប់កិច្ចការងារផ្សេងៗដែលកំពុងធ្វើនោះភ្លាម ដើម្បីអង្គុយ ឬគេងសម្រាកឱ្យរាងកាយបានធូរស្រាល មួយស្របក់អ្នកម្តាយនឹងមានអារម្មណ៍ថា ការឈឺពោះថយចុះ និងមានអាការល្អប្រសើរឡើងវិញមិនខាន។
– ទម្លាក់ខ្លួនគេង និងសង្កេតមើលថា តើមានអាការឈឺផ្នែកខាងណា ហើយសាកល្បងគេងផ្អៀងខាងឆ្វេង ឬ ខាងស្តាំមើលថា តើគេងផ្អៀងខាងណានឹងធ្វើឱ្យអាការឈឺពោះនោះធូរស្រាលឡើងវិញ?។
– ងូតទឹកក្តៅឧណ្ហៗ ព្រោះការងូតទឹកក្តៅឧណ្ហៗនឹងជួយកាត់បន្ថយអាការឈឺពោះតាមរាងកាយបានល្អ ឬអាចញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបន្ថយអាការឈឺបាន។
តែក្នុងករណីដែលមានអាការឈឺពោះខ្លាំង ធ្វើយ៉ាងណាក៏មិនធូរស្រាលឡើងដែរនោះ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលគភ៌ និងរាងកាយ ឬសុំការប្រឹក្សាក៏បាន៕