ចាប់តាំងពីកញ្ញា សយ រចនា ដែលមានឈ្មោះក្នុងសិល្បៈថា ផប រចនា ចូលប្រឡូកក្នុងវិថីសិល្បៈ និងទទួលបានការគាំទ្រពីមហាជនច្រើនគួរសមមក តារាសម្ដែងរូបនេះបានផ្លាស់ប្ដូរការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបង្អួតសម្រស់ដល់ទស្សនិកជន។ ស្របពេលជាមួយគ្នានេះមានការពាក្យលេចឮថា នាងមានសង្សារសំណព្វចិត្ដដែលកំពុងតែស្រឡាញ់គ្នាយ៉ាងខ្លាំង។
កញ្ញា រចនា បានទទួលស្គាល់ថា កន្លងមកមានអ្នកស្រឡាញ់ និងចូលចិត្ដនាងច្រើនរហូតធ្លាប់មានការមើលចិត្ដមើលថ្លើមគ្នាទៀតផង ប៉ុន្ដែអ្នកដែលមកស្រឡាញ់នាងសុទ្ធតែមានបំណងលេងសើចជាមួយនាង។ នាងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះខ្ញុំអត់ឡូកឡំនឹងរឿងស្នេហាទៀតទេ តែកាលពីពេលមុនធ្លាប់មានអ្នកស្រឡាញ់មែន មិនតែប៉ុណ្ណោះពួកយើងធ្លាប់បានសិក្សាមើលចិត្តគ្នាផងដែរ តែក្រោយពីធ្លាប់ទៅណាមកណាជាមួយគ្នាម្ដងពីរដងរួចមក ខ្ញុំមើលទៅគេហាក់មានគំនិតមិនល្អជាមួយខ្ញុំ ទើបខ្ញុំសម្រេចចិត្ដដកខ្លួនចេញតែម្ដងទៅ»។
បើទោះជាមានរឿងបែបនេះកើតឡើងលើរូបនាងក៏ដោយ ក៏នាងពុំចាត់ទុកថា ខ្លួនជាមនុស្សអភ័ព្វស្នេហ៍ព្រោះតែជួបសុទ្ធតែប្រុសៗចង់បោកប្រាស់នោះដែរ នាងចាត់ទុកថា ជារឿងធម្មតានៅក្នុងជីវិតដែលគ្មាននរណាម្នាក់អាចមើលឃើញ។ នាងក៏បានបញ្ជាក់ពីគោលជំហរថា នាងលែងចង់សាកល្បងរឿងស្នេហាទៀតហើយ ទុកឱ្យពេលវេលាដើរទៅមុខយូរបន្ដិចសិន។ ម្យ៉ាងនាងពុំទាន់មើលឃើញថា មានបុរសណាម្នាក់គួរជាទីទុកចិត្ដទេ ម្ល៉ោះហើយនាងទុកពេលវេលាធ្វើការងារក្នុងសិល្បៈឱ្យទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងសិនទើបគិតគូររឿងនេះជាថ្មី ទើបប្រសើរជាង។
តារាសម្ដែងរូបនេះបានថ្លែងទាំងសប្បាយចិត្ដថា សព្វថ្ងៃជីវិតក្នុងសិល្បៈរបស់នាងចាប់ផ្ដើមមានពន្លឺហើយ ខណៈនាងទទួលបានការសម្ដែងជាង10រឿងមកហើយ ក្នុងនោះបើទោះជានាងពុំបានសម្ដែងជាតួឯកស្រីក៏ដោយ ក៏មានភាពប្រដំប្រសងទៅនឹងតួឯកស្រីដែរ។ កញ្ញារចនា បញ្ជាក់ថា នាងកំពុងតែរំពឹងលើរឿង«បី្ដម៉ែទេកូន»ដែលគ្រោងនឹងថតនាពេលខាងមុខ ដែលក្នុងនោះនាងសម្ដែងជាតួអង្គស្រីម្នាក់ដែលកាចឆ្នាស់ឆ្នើម និងមានល្បិចពិសពុល។ នាងបន្ដថា៖«ទោះបីជារឿងនេះជារឿងបុរាណក៏ដោយ ប៉ុន្ដែក្រោយពីរឿងនេះចាក់បញ្ចាំងនឹងមានទស្សនិកជនស្គាល់ខ្ញុំកាន់តែច្បាស់មិនខាន»៕