ក្រោយពីមេរោគកូវីដ-19 បានរាតត្បាតពាសពេញពិភពលោក ការសម្អាតឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនឱ្យបានញឹកញាប់ បានក្លាយជាផ្នែកមួយជួយកាត់បន្ថយឱកាសនៃការឆ្លងវីរុសនេះបានផងដែរ។
ជាមួយគ្នានេះ វេបសាយផ្លូវការរបស់ Apple ក៏បានអាប់ឌែតទាក់ទងនឹងការសម្អាតឧបករណ៍របស់ខ្លួនផងដែរ ដើម្បីចៀសវាង និងការពារកុំឱ្យមេរោគឆ្លងតាមការកាន់ iPhone។
Apple បានធ្វើការអាប់ឌែតវេបសាយរបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់ iPhone iPad និង Mac ទាំងអស់បានដឹងថា ពួកគេអាចសម្អាតឧបករណ៍របស់ខ្លួនជាមួយក្រដាសសើមដែលមានជាតិអាល់កុលបាន ដោយមិនបាច់ព្រួយបារម្ភថា វានឹងខូចនោះទេ។
Apple បានណែនាំ ដោយការប្រើប្រាស់ក្រដាសសើមមានជាតិអាល់កុល ឬផលិតផលម៉ាក Clorox Disinfecting Wipes ដោយអ្នកអាចជូតសម្អាតថ្នមៗលើផ្នែករឹងនៃផលិតផល Apple ដូចជាអេក្រង់ ក្ដារចុច និងផ្ទៃខាងក្រៅដទៃទៀតបាន។
កុំប្រើទឹកសាប៊ូដែលវាមានជាតិគីមីខ្លាំង កុំឱ្យមានសំណើមជ្រៀតចូលទៅក្នុងរន្ធនានា និងកុំជ្រលក់ផលិតផល Apple ចូលក្នុងទឹកលាងសម្អាតនានា។ កុំជូតសម្អាតលើផ្ទៃក្រណាត់ ឬស្បែក។
កន្លងមក Apple បានណែនាំមិនឱ្យប្រើប្រាស់សារធាតុផ្សេងក្រៅពីទឹក ដើម្បីសម្អាតផលិតផល Apple ឡើយ ព្រោះវាមានសារធាតុខ្លះអាចប៉ះពាល់ដល់ស្រទាប់ Oleophobic ដែលក្រុមហ៊ុនបានបំពាក់លើអេក្រង់នៃឧបករណ៍របស់ខ្លួន៕