ដើម្បីពង្រឹងការអប់រំតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សរបស់ខ្លួន ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានចុះកិច្ចព្រមព្រៀងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំធំៗចំនួន 6 ដើម្បីធ្វើការរួមគ្នាបង្កើតព្រឹត្តិការណ៍អប់រំរួមគ្នាមួយយ៉ាងសំខាន់។
ក្រុមហ៊ុនធំៗបច្ចេកវិទ្យាធំៗទាំង6 ដែលបានបង្កើតកិច្ចសហការពង្រឹងគុណភាពអប់រំជាមួយនឹងវេសឡាញ គឺក្រុមហ៊ុន Edemy ក្រុមហ៊ុន Maxbit ក្រុមហ៊ុន Vconnect ក្រុមហ៊ុន DTP ក្រុមហ៊ុនសង្កប្ប និងក្រុមហ៊ុន E-School Cambodia។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាការបង្កើនកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំនេះ មិនមែនគ្រាន់តែជាប្រយោជន៍ដល់ការពង្រឹងគុណភាពនៃការសិក្សារបស់សិស្សរបស់យើងក្នុងពេល Covid-19ប៉ុណ្ណោះទេ តែវាជាការបោះជំហានថ្មីមួយបន្ថែមទៀតដើម្បីធ្វើទំនើបកម្មគុណភាពអប់រំ។ ពិតណាស់បច្ចេកវិទ្យាអប់រំ (Edtech) នាពេលបច្ចុប្បន្ននេះបាន កំពុង និងបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអប់រំលើពិភពលោក ខណៈប្រទេសជាច្រើនធ្លាប់បានអនុវត្តការសិក្សាតាមអនឡាញជាយូរឆ្នាំមកហើយ។ សម្រាប់កម្ពុជាយើងដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 យើងក៏ចាប់ផ្តើមអនុវត្តការសិក្សាតាមអនឡាញនេះ ដែលធ្វើឱ្យគ្រប់គ្នាយល់ថាជារឿងថ្មី តែទោះជាយ៉ាងនេះក្តី យើងសង្ឃឹមថាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗទាំងអស់នេះ នឹងធ្វើឱ្យយើងបន្តអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព និងការអភិវឌ្ឍជាប់ជាប្រចាំ រហូតក្លាយទៅជាទម្រង់នៃការអប់រំមួយដែលធ្វើឱ្យមានគុណភាពកាន់តែប្រសើរនៅថ្ងៃអនាគត។
លោក ប៉ិច បូឡែន បាននិយាយថា៖ «បច្ចេកវិទ្យាអប់រំនឹងក្លាយទៅជា ទម្រង់មួយដ៏មានគុណសម្បត្តិខ្ពស់នៅថ្ងៃអនាគត ព្រោះការអប់រំតាមអនឡាញ ជាផ្នែកមួយដែលធ្វើឱ្យការអប់រំត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ។ បន្តិចទៀត សិស្សនៅគ្រប់ទៅកន្លែងកាន់តែមានសេរីភាពក្នុងការទទួលយកការអប់រំគ្រប់ទីកន្លែង បើទោះបីជាគាត់នៅខេត្តក៏គាត់អាចស្វែងរកសាលាល្អណាមួយនៅភ្នំពេញដែលគាត់ពេញចិត្តដើម្បីសិក្សាបានដែរ ព្រោះគាត់អាចសិក្សាបានតាមរយៈអនឡាញ»។
លោក ប៉ិច បូឡែន បានបន្តទៀតថា ទម្រង់នៃការអប់រំតាមអនឡាញដែលយើងកំពុងសហការរៀបចំនេះនឹងបង្កើតជាចរន្តថ្មីមួយប្រកបដោយភាពវិជ្ជមានលើការអភិវឌ្ឍប្រសិទ្ធភាពនៃការអប់រំ ព្រោះទម្រង់នៃការអប់រំដែលយើងកំពុងចាប់ផ្តើម ហើយនឹងបន្តទៅថ្ងៃអនាគតនេះ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាពដែលអាចឱ្យសិស្សសិក្សាបានគ្រប់ទីកន្លែង និងអាចវិភាគយ៉ាងច្បាស់ពីកម្រិតនៃការយល់ដឹងរបស់សិស្ស ចំណុចខ្វះខាត និងទិន្នន័យសំខាន់ៗជាច្រើនទៀត។ តាមរយៈទម្រង់នៃបច្ចេកវិទ្យាអប់រំ យើងនឹងអាចវាយតម្លៃបានយ៉ាងងាយស្រួលថាតើសិស្សចេះប៉ុន្មានភាគរយ ហើយសិស្សដែលមិនទាន់ចេះមានចំណុចប៉ុន្មានភាគរយ។ បន្ថែមពីលើនេះ យើងក៏អាវាយតម្លៃគ្រូបានកាន់តែប្រសើរផងដែរ ដោយសារតែទិន្នន័យទាំងអស់នេះអាចនឹងបង្ហាញពីចំណុចគុណភាពនៃការរៀន និងការបង្រៀនយ៉ាងច្បាស់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសំខាន់ៗទាំង6 ដែលបានសហការជាមួយនឹងវេសឡាញ អេឌ្យូខេសិន គ្រុបនៅពេលនេះ ទី1 គឺក្រុមហ៊ុន អេតឌឺមី (Edemy) ដែលមានបច្ចេកទេសក្នុងការបង្កើតថ្នាក់រៀនតាមប្រព័ន្ធឌីជីថល និងការរៀនតាមអ៊ីនធឺណេត។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សអាចទស្សនាមេរៀនជាលក្ខណៈវីដេអូ អាចអានអត្ថបទមេរៀន ធ្វើការវាយតម្លៃលើលំហាត់ ឬកិច្ចការសាលាដោយខ្លួនឯងបាន តាមដានដំណើរការរៀនសូត្ររបស់ខ្លួនឯងបាន បង្កើនទំនាក់ទំនងរវាងលោកគ្រូ/អ្នកគ្រូ ហើយនិងសិស្សានុសិស្សឱ្យមានប្រសិទ្ធិភាព។ ក្រុមហ៊ុនទី2 គឺក្រុមហ៊ុន ម៉ាក្សបីត(Maxbit) ដែលអាចជួយដល់ការរៀនតាមប្រព័ន្ធអ៊ីនធឺណេត និងពិគ្រោះយោបល់អំពីអាជីវកម្មអនឡាញន៍ទៅកាន់អ្នកអាណាព្យាបាល ដើម្បីជួយកែលម្អអាជីវកម្មរបស់អ្នកអាណាព្យាបាល និងជំរុញសាលារៀនឱ្យសម្របខ្លួនតាមឧបករណ៍បង្រៀនទំនើបៗឱ្យមានប្រសិទ្ធិភាពជាងមុន។ ក្រុមហ៊ុនទី3 គឺក្រុមហ៊ុន វីខូនិក (VConnect) ដែលនឹងជួយអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសាលារៀនវ័យឆ្លាត ជួយអ្នកអាណាព្យាបាល និងសាលារៀនទៅលើការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពខ្ពស់ រួមទាំងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្ស។ ក្រុមហ៊ុនទី 4 គឺក្រុមហ៊ុន ឌី ធី ភី (DTP) ដែលជាអ្នកអភិវឌ្ឍបណ្ណាល័យអេឡិចត្រូនិច និង កម្មវិធីរៀនតាមប្រព័ន្ធឌីជីថល។អ្ន កអាណាព្យាបាល និង សិស្សានុសិស្សអាចប្រើប្រាស់កម្មវិធីរៀននៅផ្ទះដើម្បីបង្កើនសមត្ថភាពទៅការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគាត់។ ក្រុមហ៊ុនទី5 គឺក្រុមហ៊ុនសង្កប្ប (Sangapac) ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាអប់រំសម្រាប់ជួយដល់ស្ថាប័នអប់រំ កុមារតូច និងអាណាព្យាបាលកុមារនៅកម្ពុជា។ តាមរយៈកម្មវិធីរបស់សង្កប្ប សិស្សនៅកម្រិតបឋមសិក្សានឹងសិក្សាបានលឿននូវរបៀបសរសេរអក្សរ ស្គាល់លេខ និងចេះគណនាតាមវិធីឆ្លាតវៃ។ ក្រុមហ៊ុនទី6 គឺក្រុមហ៊ុន E-School Cambodia ដែលជាក្រុមហ៊ុនផ្តល់នូវបច្ចេកវិទ្យាអប់រំដល់សិស្សានុសិស្សចាប់តាំងពីបឋមសិក្សារហូតដល់មធ្យមសិក្សា។ ក្រុមហ៊ុននេះបានអញ្ជើគ្រូបង្រៀនល្បីៗជាច្រើនដើម្បីចូលរួមផលិតជាវីដេអូបង្រៀនដែលអាចធ្វើឱ្យសិស្សគ្រប់កម្រិតអាចសិក្សាបានប្រកបដោយប្រសិទ្ធភាព៕