ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថា GMAC ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការពលកម្មអន្តរជាតិនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) បានរួមសហការគ្នាក្នុងការធ្វើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជាក្នុងរយៈពេលវែងមួយពីឆ្នាំ2018 ដល់ 2025។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងGMAC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទទួលបាននាព្រឹកថ្ងៃទី31 កក្កដានេះបានឲ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ដ្រ2018-2025 នឹងផ្តោតសំខាន់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួននៃឧស្សាហកម្មនេះដូចជា បញ្ហាធាតុចូល និងតម្លៃថ្លៃដើមខ្ពស់ បញ្ហាទំនាក់ទំនងឧស្សាហកម្ម បញ្ហាផលិតកម្ម និងសមត្ថភាពផលិត បញ្ហាបរិយាកាសអាជីវកម្មបរិស្ថាន បញ្ហាខាងក្រៅ និងការប្រកួតប្រជែង។ គោលនយោបាយនេះធ្វើឡើងដើម្បីរក្សាកំណើនខ្ពស់ ដើម្បីបង្កើនគុណភាពផលិតផលក្នុងឧស្សាហកម្មនេះយ៉ាងហោចណាស់ឲ្យបាន50ភាគរយនៅត្រឹមឆ្នាំ2025។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយថា វាគឺជាកម្លាំងចលករថ្មីមួយសម្រាប់ឧស្សាហកម្មនេះក្នុងការមានយុទ្ធសាស្រ្តច្បាស់លាស់ និងជាគោលនយោបាយក្នុងការឆ្លើយតបដើម្បីរក្សាកំណើនរបស់ខ្លួនក៏ដូចជាបង្កើនធនធានមនុស្សនៃឧស្សាហកម្មនេះដើម្បីបង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។
លោកបានបន្តថា “វាជាការងាររួមគ្នារវាងរដ្ឋាភិបាល GMAC និង ILO-BFC ។ យើងអាចនិយាយបានថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបង្កើតនូវគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងនេះដើម្បីគាំទ្រ និងអភិវឌ្ឍវិស័យកាត់ដេរ និងស្បែកជើងនេះឱ្យមានកំណើនប្រកបដោយស្ថេរភាព សមាគមរោងចក្រកាត់ដេរកម្ពុជាសូមកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលើបញ្ហានេះ»។
យោងតាមអគ្គនាយកដ្ឋានគយ និងកាត់ដេរកម្ពុជា(GDCE) បានឱ្យដឹងថាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជាបានកើនឡើង6,800លានដុល្លារកាលពីឆ្នាំ2015 ដល់7,300លានដុល្លារនៅឆ្នាំ2016 ស្មើនឹងកំណើន7.2ភាគរយ។
លោក កាំង ម៉ូនីកាបានបន្តទៀតថា “គោលនយោបាយចម្បងនេះនឹងជួយកាត់បន្ថយនូវការចំណាយថ្លៃដើមខ្ពស់ និងបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មដែលរួមបញ្ចូលការអភិវឌ្ឍជំនាញដើម្បីបង្កើនខ្សែចង្វាក់ផលិតកម្ម និងដើម្បីបង្កើនផលិតភាពផលិតកម្ម។ គោលនយោបាយនេះក៏នឹងផ្តោតសំខាន់ទៅលើការកែលម្អនូវទំនាក់ទំនងវិជ្ជាជីវៈ ដោយនាំមកនូវបរិយាកាសផលិតកម្មដែលមានស្ថេរភាព និងសន្តិភាពក្នុងន័យកាត់បន្ថយចំណាយ”។
ការស្ទង់មតិនៃសេចក្តីព្រាងនេះបានចាប់ផ្តើមប្រហែល3សប្តាហ៍មុនរួចមកហើយ បច្ចុប្បន្ននេះវាត្រូវបានគេរៀបចំឡើងដើម្បីប្រមូលព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់ជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រ។
បើយោងតាមយុទ្ធសាស្ដ្រឆ្នាំ 2018-2025 នេះក៏នឹងផ្តោតលើនិន្នាការសកលលោក និងឱកាសនៃឧស្សាហកម្មកាត់ដេរបានបន្តដាក់សម្ពាធបន្ថែមទៀតលើឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់កម្ពុជា ហើយវិធានការយុទ្ធសាស្រ្ត គឺត្រូវរៀបចំជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះដោយពិចារណាអំពីរយៈពេលខ្លី និងរយៈពេលមធ្យមក៏ដូចជាទស្សនវិស័យរយៈពេលវែង។
វិស័យនេះនៅតែជាផ្នែកសំខាន់បំផុតនៃការនាំចេញរបស់កម្ពុជាដោយការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានចំនួន78 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនៅឆ្នាំ2016។
យោងតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បច្ចុប្បន្នសមាគមនេះមានសមាជិកចំនួន512 ដោយក្នុងចំណោម 59ក្នុងវិស័យស្បែកជើង ហើយវិស័យនេះបានស្រូបយកកម្លាំងការងារជាង70ម៉ឺននាក់។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដែលបានធ្វើការជិតស្និទ្ឋលើបញ្ហានេះបានថ្លែងថា គោលនយោបាយនេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យមានសុខដុមនីយកម្មក្នុងវិស័យនេះ និងដើម្បីឲ្យភាគី អ្នកបញ្ជាទិញ ម្ចាស់រោងចក្រ និងកម្មករ និយោជិកអាចធ្វើការរួមគ្នា បាន និងកុំចង្អុលដាក់គ្នាតទៅទៀត។
លោកបន្តថា “វិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងនៅតែជាវិស័យតំណាងឲ្យការនាំចេញដ៏ធំរបស់កម្ពុជាសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ទាំងរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធសុទ្ធតែយល់ពីសារៈសំខាន់ និងធ្វើយ៉ាងណាពូនជ្រំវិស័យនេះឲ្យរីកចម្រើនតទៅទៀត ដើម្បីធ្វើជាមូលដ្ឋានគ្រឹះមុនពេលកម្ពុជាឈានទៅកាន់ប្រទេសដែលប្រើប្រាស់កម្លាំងជំនាញ និងឧស្សាហកម្ម៕