ភ្នំពេញៈ ក្រុមហ៊ុនមួយគ្រោងចំណាយថវិកាចំនួន5ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវល្បឿនលឿនជាលើកដំបូងពីក្រុងភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ និងឡាវនាពេលខាងមុខនេះ។
លោកថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានថ្លែងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Globalcam និងក្រុមហ៊ុន Mahdi Holdings Investment នាព្រឹកថ្ងៃទី31 កក្កដានេះថា ក្រុមហ៊ុនបានរៀបចំខ្លួនរួចរាល់ហើយក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ព្រំដែនឡាវដែលមានប្រវែង522គីឡូម៉ែត្រ ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ5ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងដំណាក់កាលលើកទី1 ដែលគ្រោងចាប់ផ្តើមនៅដំណាច់ឆ្នាំនេះ។ លោកបានបន្តថា គម្រោងផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគគម្រោងចំនួន6 ដែលបច្ចុប្បន្ននេះអ្នកជំនាញបានសិក្សាច្បាស់លាស់រួចរាល់ហើយ។
លោកបានបន្តថា “គម្រោងនេះសាងសង់រយៈពេលត្រឹម5ឆ្នាំទៅតាមផែនការ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាត ហើយគុណភាពផ្លូវល្បឿនលឿននេះមិនចាញ់ផ្លូវល្បឿនលឿននៅក្នុងបណ្តាប្រទេសផ្សេងៗឡើយ”។
លោក Anuwar HJ Parman អគ្គនាយករងក្រុមហ៊ុន Mahdi Holdings Investment បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនGlobalcam លើផ្លូវល្បឿនលឿននេះ គឺជាឱកាសល្អមួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយប្រទេសកម្ពុជាថែមទាំងមានសក្តានុពលច្រើនទៀតផងក្នុងការវិនិយោគលើគម្រោងផ្សេងៗទៀត។ ក្រុមហ៊ុន Globalcam និងក្រុមហ៊ុន JSTI Group មកពីហុងកុងបានត្រៀមខ្លួនរួចជាស្រេចហើយទាំងថវិកា និងអ្នកជំនាញក្នុងការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជា ដោយចាប់ផ្តើមចេញពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ និងព្រំដែនឡាវ៕