រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសថៃ អ៊ុតតាម៉ា សុវណ្ណាយ៉ាណា បានបញ្ជាក់ថា ប្រទេសថៃកំពុងពិចារណាទៅលើលទ្ធភាពនៃការដាក់ឱ្យក្រុមហ៊ុន Thai Airways ក្ស័យធន។ មូលហេតុចម្បងដែលត្រូវបានគេលើកឡើងសម្រាប់បញ្ហាខាងលើនេះ នោះគឺវិបត្តិហិរញ្ញវត្ថុដែលក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះបាន និងកំពុងជួបប្រទះក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ រួមនឹងឥទ្ធិពលរបស់ COVID-19។
សេចក្ដីសម្រេចចុងក្រោយនឹងត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាល ឬតុលាការថៃ។ ការដាក់ឱ្យក្ស័យធនត្រូវបានគេចាត់ទុកថាជា “ការរុះរើ” ដ៏ធំមួយក្នុងបំណងកសាងឡើងវិញនូវក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសថៃ។
ព័ត៌មាននេះត្រូវបានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អ៊ុតតាម៉ា សុវណ្ណាយ៉ាណា (Uttama Savanayana) លើកឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។ ដំណើរការខាងលើនេះនឹងត្រូវបានធ្វើឡើងដោយជោគជ័យ បើសិនជាមានការយល់ព្រមពីគណៈកម្មាធិការគោលនយោបាយសហគ្រាសរបស់រដ្ឋ និងរាជរដ្ឋាភិបាល ឬតាមរយៈសាលក្រមរបស់តុលាការ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានឱ្យដឹងថា “ក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូន រួមនឹងស្ថាប័នតាមដាន Thai Airways ក្នុងនាមជាក្រុមហ៊ុនរដ្ឋ បានពិភាក្សាគ្នារួចហើយដើម្បីលើកឡើងអំពីផែនការរុះរើ និងបង្កើតឡើងវិញនូវក្រុមហ៊ុននេះ ក៏ប៉ុន្តែ រាល់កិច្ចការនៅតែអាស្រ័យទៅលើការសម្រេចចុងក្រោយរបស់គណរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនឹងរើសយកជម្រើសល្អបំផុតសម្រាប់ Thai Airways ក៏ដូចជាភាគីពាក់ព័ន្ធ”។
មុននេះ យោងតាមទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងផ្សារមូលបត្រថៃ ការខាតបង់សុទ្ធរបស់ Thai Airways បានកើនឡើងពី 2.11ពាន់លានបាតនៅក្នុងឆ្នាំ2017 ឡើងដល់11.6ពាន់លានបាតនៅក្នុងឆ្នាំ2018 និង12ពាន់លានបាត ដែលស្មើនឹង374,299,650ដុល្លារអាមេរិក ក្នុងឆ្នាំ2019។
កាលពីចុងខែមេសាកន្លងទៅ ដើម្បីជៀសវាងហានិភ័យក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេក្នុងពិភពលោកត្រូវក្ស័យធនដោយសារ COVID-19 ក្រុមហ៊ុន Thai Airways បានស្នើសុំជំនួយជាទឹកប្រាក់ចំនួន10ពាន់លានបាត (307លានដុល្លារ) ពីរាជរដ្ឋាភិបាលថៃដើម្បីបើកប្រាក់ខែជូនបុគ្គលិកចំនួន1ខែ។ ក្រុមហ៊ុននេះក៏បានស្នើឱ្យមានការអនុម័តផ្ដល់ប្រាក់កម្ចីចំនួន70ពាន់លានបាត (ជាង 2,183,414,000ដុល្លារអាមេរិក) ផ្សេងទៀត ដោយមានក្រសួងហិរញ្ញវត្ថុជាអ្នកធានា ដើម្បីអាចបន្តសកម្មភាពជំនួញទៅមុខទៀត៕
ប្រភព៖ សារព័ត៌មានបរទេស