Facebook ត្រៀមកសាងបណ្ដាខ្សែកាប់អ៊ីនធើណិតក្រោមសមុទ្រ ដែលមានប្រវែងសរុប37,000គីឡូម៉ែត្រ តភ្ជាប់ប្រទេសចំនួន23នៅទ្វីបអាហ្វ្រិក ជាមួយនឹងទ្វីបអឺរ៉ុប និងមជ្ឈិមបូពា៌។
តំណាងរបស់ក្រុមហ៊ុន Facebook បានឱ្យដឹងថា គម្រោងខាងលើនេះមានឈ្មោះថា 2Africa (ឈ្មោះដំបូងគឺ Simba)។ គម្រោងនេះមានការសហការគ្នាជាមួយក្រុមហ៊ុនអ៊ីនធើណិតជាច្រើន រួមមាន China Mobile របស់ចិន MTN របស់ប្រទេសអាហ្វ្រិកខាងត្បូង Orange និង Vodafone របស់បារាំង ក៏ដូចជាបណ្ដាក្រុមហ៊ុនរកស៊ីក្នុងវិស័យទូរគមនាគមន៍ជាច្រើនទៀតនៅពាសពេញទ្វីបអាហ្វ្រិក ជាកន្លែងដែលខ្សែកាបអ៊ីនធើណិតទៅដល់។ ប្រព័ន្ធខ្សែកាបអ៊ីនធើណិតក្រោមសមុទ្រនេះនឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Nokia ហើយក្រុមហ៊ុន Alcatel នឹងជាអ្នកសាងសង់។
ជាមួយនឹងប្រវែង37,000គីឡូម៉ែត្រនេះ Facebook ប្រកាសថា វាគឺជាបណ្ដាញខ្សែកាប់អ៊ីនធើណិតក្រោមសមុទ្រដែលវែងជាងគេបង្អស់មួយនៅក្នុងពិភពលោក ពោលគឺវា “ជិតស្មើនឹង1ជុំផែនដី”។
2Africa នឹងប្រើប្រាស់ខ្សែកាបដែលសរសៃខាងក្នុងរបស់វាធ្វើអំពីអាលុយមីញ៉ូម ជំនួសឱ្យសរសៃធ្វើអំពីស្ពាន់ ក្នុងបំណងដើម្បីបង្កើនសមត្ថភាពនៃការបញ្ជូនអ៊ីនធើណិត។ បន្ទាប់ពីកសាងរួចរាល់ បណ្ដាញខ្សែកាបនេះនឹងអាចផ្គត់ផ្គង់អ៊ីនធើណិតល្បឿន150Terabit/វិនាទី (1Terabit=1,000Gigabit)។ សមត្ថភាពនេះខ្លាំងជាង3ដងបើធៀបជាមួយនឹងបណ្ដាញខ្សែកាប់ទាំងអស់ដែលមាននៅទ្វីបអាហ្វ្រិកនាបច្ចុប្បន្ន បូកចូលគ្នា។
Kevin Salvadori ដែលជានាយកផ្នែកវិនិយោគលើអ៊ីនធើណិតរបស់ Facebook បានឱ្យដឹងថា ក្រុមហ៊ុននេះបានចាប់ផ្ដើមពិភាក្សាជាមួយដៃគូនានាអំពីគម្រោង 2Africa ចាប់តាំងពីឆ្នាំ2018។ គម្រោងនេះនឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ2023 ឬដើមឆ្នាំ2024 ហើយត្រូវដាក់ឱ្យដំណើរការភ្លាមៗ ក្រោយពីកសាងរួចរាល់។
តំណាងរបស់ Facebook បានបដិសេធមិនប្រាប់អំពីខ្ទង់ប្រាក់ដែលត្រូវចំណាយទៅលើគម្រោងនេះទេ។ ប៉ុន្តែ Michael Ruddy ដែលជានាយកផ្នែកសិក្សាស្រាវជ្រាវអន្តរជាតិនៃក្រុមហ៊ុនវិភាគទីផ្សារ Terabit Consulting Inc បានគន់គូរឃើញថា បណ្ដាញខ្សែកាបអ៊ីនធើណិតខាងលើនេះ នឹងត្រូវចំណាយប្រាក់យ៉ាងតិច 800លានដុល្លារអាមេរិក។
កន្លងមក ក្រុមហ៊ុន Facebook ក៏ធ្លាប់មានបំណងផ្គត់ផ្គង់ Wifi ទៅកាន់តំបន់ដាច់ស្រយាលនានានៅទូទាំងពិភពលោក ដែលក្នុងនោះក៏មានតំបន់នានាក្នុងទ្វីបអាហ្វ្រិកផងដែរ ដោយប្រើ Aquila (គម្រោងបាញ់រលកសញ្ញា Wifi តាមរយៈយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយថាមពលព្រះអាទិត្យ) ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកចាប់ពីឆ្នាំ2018។
ក្រៅពី Facebook ក្រុមហ៊ុន Google ក៏កំពុងដំណើរការគម្រោងសាងសង់ខ្សែកាបអុបទិកមួយទៀតដែលមានឈ្មោះថា Equino ដែលនឹងតភ្ជាប់ទ្វីបអាហ្វ្រិកជាមួយនឹងអឺរ៉ុប។ Google ក៏កំពុងមានមហិច្ឆតាក្នុងការបាញ់រលកសញ្ញាអ៊ីនធើណិត 4G ទៅកាន់តំបន់ដាច់ស្រយាលនៅទូទាំងពិភពលោក ដោយគម្រោង Project Loon ដែលប្រើប្រាស់បាឡុងហោះ។ បច្ចុប្បន្ន គម្រោងនេះកំពុងធ្វើការសាកល្បងនៅក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ក្នុងនោះក៏មានប្រទេស Mozambique ផងដែរ។
សារព័ត៌មានផ្នែកបច្ចេកវិទ្យា WSJ បានឱ្យដឹងថា នាបច្ចុប្បន្ន ទ្វីបអាហ្វ្រិកមានប្រជាជនសរុបជាង 1.2ពាន់លាននាក់កំពុងរស់នៅ។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានប្រើប្រាស់អ៊ីនធើណិត ឬបានប្រើដែរ តែតាមរយៈឧបករណ៍ 2G ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌បរទេស