ភ្នំពេញ៖ យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា 200 លានដុល្លារត្រូវបានរដ្ឋាភិបាលចំណាយលើការសាងសង់ និងជួសជុលផ្លូវខូចនៅទូទាំងប្រទេសកម្ពុជាដែលភាគច្រើនផ្លូវខូចទាំងនេះបណ្តាលមកពីរថយន្តធុនធំដឹកលើសទម្ងន់ ហើយអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការទប់ស្កាត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តសាខាសែនសុខ កាលពីសប្តាហ៍មុននេះឱ្យដឹងថា រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានចំណាយថវិការដ្ឋប្រមាណ200លានដុល្លារ សហរដ្ឋអាមេរិកដើម្បីស្ថាបនា និងជួសជុសផ្លូវឡើងវិញ ក្រោយពីផ្លូវទាំងនោះភាគច្រើនត្រូវបានខូចខាត និងបំផ្លាញដោយសារក្រុមហ៊ុនឈ្មូញគ្រាក់ៗដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់។
ករណីនេះឯកឧត្តមបានស្នើទៅដល់មន្រ្តីមានសមត្ថកិច្ចរួមនឹងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តនៅគ្រប់បណ្តាផ្លូវជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់អំពើអសកម្មទាំងនេះដើម្បីកុំឱ្យឈ្មួញដឹកទំនិញលើសទម្ងន់បង្កការខូចខាតផ្លូវបណ្តាលឱ្យខាតបង់ថវិការដ្ឋច្រើនសន្ធឹកសន្ធាប់បែបនេះទៀត។ ហើយឯកឧត្តមក៏បានអំពាវនាវផងដែរ ទៅដល់ឈ្មួញដឹកទំនិញចេញចូលក្នុងប្រទេស ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់ និងត្រូវចូលរួមថែរក្សាផ្លូវដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង ចៀសវាងក្រសួងចំណាយលុយច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំដូច្នេះទៀត៕