ការចិញ្ចឹមមើលថែទាំកូនត្រូវធ្វើឡើងបែបសន្សឹមៗ ព្រោះទង្វើមួយចំនួនរបស់លោកឪពុកអ្នកម្តាយអាចនឹងធ្វើបាបកូនៗដោយមិនដឹងខ្លួន ថ្ងៃនេះ ឡារ៉ែនមានចំណេះដឹងក្នុងការចិញ្ចឹមមើលថែកូនដែលមិនធ្វើឱ្យកូនៗធ្លាក់ទឹកចិត្តមកជម្រាបជូនថា តើឪពុកម្តាយត្រូវកែខៃយ៉ាងណាដូចខាងក្រោមនេះ។
ជួនកាលយើងអាចមិនដឹងខ្លួនផងថា អ្វីដែលនិយាយទៅ អ្វីដែលធ្វើ ឬបង្ហាញឡើងចំពោះកូននោះ ក្លាយជាទង្វើបំផ្លាញផ្លូវចិត្តកូនទៅវិញ នៅពេលកើតឡើងញឹកញាប់នោះក៏នឹងហុចផលប៉ះពាល់ដល់បុគ្គលភាពរបស់កូនបាន ៈ
1 – មិនឱ្យធ្វើ
និយាយងាយៗក៏គឺ អ្នកជាអ្នកគ្រប់គ្រងចាត់ការអ្វីៗគ្រប់យ៉ាង (ម៉ាក់ធ្វើម្នាក់ឯង) ដោយកូនមិនបានមានចំណែកចូលរួម ឬបានជួយធ្វើអ្វីឡើយ ដែលការធ្វើបែបនេះស្មើនឹងការកាត់ចរន្តការរៀនយល់ដឹងរបស់ក្មេងលើផ្នែកផ្សេងៗ ធ្វើឱ្យជំនាញក្នុងការជួយខ្លួនឯងថយចុះ និងធ្វើឱ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯង ជាដើម។
2 – គ្មានដែនកំណត់
គឺតាមចិត្តកូនគ្រប់យ៉ាងដោយភ្លេចពីអ្វីត្រូវអ្វីខុស ឬអ្វីគួរអ្វីមិនគួរ ព្រោះតែគិតថាកូននៅតូច ដែលផលប៉ះពាល់នោះគឺ នៅពេលកូនចូលទៅក្នុងសង្គមធំ រស់នៅរួមជាមួយអ្នកដទៃទៀតនោះ ក៏នឹងក្លាយជាក្មេងដែលពិបាកសម្របសម្រួលខ្លួន យកតែចិត្តខ្លួនឯងជាធំ ខ្វះភាពអំណត់អត់ធន់ មានសម្ព័ន្ធភាពជាមួយបុគ្គលផ្សេងមិនរលូនល្អ និងមានបញ្ហាផ្សេងៗទៀតជាច្រើន។
3 – មិនចេះបត់បែន
ព្រោះអ្នកត្រូវការចង់ឱ្យអ្វីគ្រប់យ៉ាង ល្អ ត្រឹមត្រូវឥតខ្ចោះជានិច្ច រឹតតែកូនធ្វើមិនបានដូចចិត្តផងនោះ ក៏នឹងខឹង ទិតៀន គ្រាន់តែរឿងតូចមួយ ក៏ធ្វើឱ្យក្លាយជារឿងធំ។ ការធ្វើបែបនេះនឹងធ្វើឱ្យវិវឌ្ឍនាការដែលគួរនឹងទៅបានរបស់កូនធ្លាក់យ៉ាប់យ៉ឺន ដោយសារតែមានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ គ្មានអ្វីល្អ គ្មានសមត្ថភាព ធ្វើអ្វីក៏មិនដែលត្រូវចិត្តឪពុកម្តាយ។
4 – មិនទទួលស្គាល់ការពិត
ការដែលអ្នកច្រើនតែវិតក្កកង្វល់ហួសហេតុពេក ដូចជា មិនឱ្យកូនទៅណាជាមួយមិត្តភ័ក្តិ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ឬឧបត្តិហេតុ ខ្លាចកូនមានរឿង ខ្លាចកូនត្រូវគេបោកប្រាស់ មិនឱ្យចេញពីផ្ទះ ខ្លាចកូនមិនស្រួលខ្លួន នេះឯងគឺបញ្ហានាពេលអនាគតដែលនឹងធ្វើឱ្យកូនក្លាយជាក្មេងងាយនឹងវិតក្កកង្វល់ ភ័យខ្លាចរហូតគ្មានសេចក្តីសុខ និងបាត់ភាពជឿជាក់លើខ្លួនឯង។
5 – មិនចេះការពារ
គឺរឿងសុវត្ថិភាពហ្នឹងឯង ព្រោះជាច្រើនដងណាស់ដែលមានហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើង។ មានស្ថិតិតួលេខកើនឡើងរបស់ឧបត្តិហេតុដែលបណ្តាលមកពីការដែលអាណាព្យាបាល ឬឪពុកម្តាយមិនបានប្រយ័ត្នប្រយែង ដូចជាភ្លេចបិទទ្វាផ្ទះ ជក់និយាយទូរស័ព្ទពេក ឬការប្រើប្រាស់សូសៀលណេតវើករហូតភ្លេចខ្លួន ជាដើម។ ចូរកុំភ្លេចថា សភាពបរិស្ថានជុំវិញខ្លួនក៏ជារឿងមួយសំខាន់ដែរ។
6 – មិនចេះនិយាយសរសើរ
មានតែពាក្យបន្ទោសទិតៀន ប្រមាថផ្សេងៗ ព្រោះមិនជឿថា កូននឹងមានសមត្ថភាពអាចធ្វើបាន មិនជឿថាកូននឹងធ្វើបានសម្រេច។ ទង្វើដែលរៀបរាប់មកនេះ ប្រៀបដូចជាអាវុធដែលបំផ្លាញផ្លូវចិត្ត បំផ្លាញគំនិតល្អៗរបស់កូន ធ្វើឱ្យកូនៗរបស់អ្នកខ្វះភាពជឿជាក់ និងមោទនភាពលើខ្លួនឯង។ សូមជម្រាបថា រឿងបែបនេះគ្រាន់តែគិត ក៏ខុសស្រេចទៅហើយ។
7 – មិនយល់អំពីកូន
ព្រោះអ្នកគិតថា ហេតុអីបានកូនមិនពូកែដូចក្មេងឯទៀត ដែលការពិតទៅ ក្មេងគ្រប់គ្នាមានភាពជាខ្លួនរបស់ខ្លួនឯង មានឧបនិស្ស័យ មានសមត្ថភាពផ្សេងៗពីគ្នា ទើបអ្នកមិនគួរប្រៀបធៀបកូនជាមួយក្មេងដទៃទៀតឡើយ ព្រោះជាការសាងអារម្មណ៍ថាខ្លួនឯងអន់ឱ្យកើតឡើងចំពោះកូនបាន ហើយផលអាក្រក់ដែលធ្ងន់ធ្ងរជាងទៀតនោះគឺ អាចធ្វើឱ្យកូនមានអារម្មណ៍ឈឺចាប់ សុខចិត្តចុះចាញ់បោះបង់ក្តីព្យាយាម ឬកើតគំនិតដែលផ្ទុយ ធ្វើបាបគូប្រជែងរបស់ខ្លួន។ អ្នកគួរនិយាយសរសើរនូវអ្វីដែលកូនមាន គាំទ្រនូវអ្វីដែលដែលកូនចាប់អារម្មណ៍ ឬចូលចិត្តវិញទើបជាការប្រសើ៕