បន្ទាប់ពីបានធ្វើការពីចម្ងាយអស់រយៈពេលច្រើនខែដោយសារ COVID-19 ក្រុមហ៊ុនបណ្ដាញសង្គម Twitter យល់ឃើញថា បុគ្គលិកអាចបន្តធ្វើបែបនេះ សូម្បីនៅពេលកូរ៉ូណាបានបញ្ចប់។
“បើសិនជាទីកន្លែង និងស្ថានភាពរបស់បុគ្គលិកនោះសមស្របសម្រាប់ពួកគេធ្វើការនៅឯផ្ទះ ហើយពួកគេក៏ចង់បន្តធ្វើបែបនេះអស់មួយជីវិត យើងខ្ញុំនឹងអនុញ្ញាត” នេះជាសម្ដីរបស់នាយិការងរបស់ក្រុមហ៊ុន Twitter ទទួលបន្ទុកធនធានមនុស្ស អ្នកស្រី Jennifer Christie ដែលបានថ្លែងប្រាប់ CNN កាលពីថ្ងៃទី12មេសាកន្លងទៅ។ អ្នកស្រីបន្តថា “បើមិនដូច្នោះទេ ការិយាល័យរបស់យើងក៏នៅតែទទួលស្វាគមន៍ពួកគេត្រឡប់មកធ្វើការក្នុងការិយាល័យវិញ នៅពេលដែលយើងខ្ញុំគិតថា មានសុវត្ថិភាពអាចបើកទ្វារឡើងវិញបាន”។
ការសម្រេចចិត្តនេះអាចបង្ហាញបានខ្លះថា វិធានការដែលគេប្រើប្រាស់ក្នុងសម័យមេរោគរាតត្បាតនេះ អាចបង្កើតបានជានិន្នាការ ឬស្ថានភាពធម្មតាថ្មីមួយសម្រាប់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក។ Twitter មិនបានឱ្យដឹងថា មុខតំណែងណាខ្លះដែលទទួលបានផលប្រយោជន៍នេះនៅឡើយ ប៉ុន្តែ ពួកគេបានបញ្ជាក់ថា បទពិសោធន៍ធ្វើការពីចម្ងាយក្នុងរយៈពេលច្រើនខែមកនេះ បានបង្ហាញថា វិធីនេះអាចអនុវត្តបន្តទៅមុខទៀតបាន។
Twitter មិនមានគម្រោងបើកទ្វារការិយាល័យ ឬចាប់ផ្ដើមដំណើរបំពេញបេសកកម្មរបស់ខ្លួននៅមុនខែកញ្ញានោះទេ។ ពួកគេក៏បានលុបចោលព្រឹត្តិការណ៍ផ្ទៃក្នុងទាំងអស់របស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ ហើយបញ្ហានេះអាចពន្យារពេលដល់ឆ្នាំ2021។ នេះបើតាមសេចក្ដីប្រកាសមួយរបស់ Twitter។
ក្រៅពី Twitter ក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀត បានសម្រេចចិត្តឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីចម្ងាយផងដែរ។ ក្រុមហ៊ុន Facebook និង Google កាលពីសប្ដាហ៍មុនបានបញ្ជាក់ថា ពួកគេអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីចម្ងាយរហូតដល់ដំណាច់ឆ្នាំ2020។ ចំណែកក្រុមហ៊ុន Amazon វិញ បានសម្រេចថា អនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះរហូតដល់ដើមខែតុលា៕
ប្រភព៖ សារព័ត៌មានបរទេស