សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទើបនឹងចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបានបញ្ជាក់ថា អតិថិជនប្រមាណជិត 14 ម៉ឺននាក់បានស្នើរសុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ។
ស្ថាប័នដដែលបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី 10 ខែឧសភា ឆ្នាំ2020 អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន 137,158នាក់ បានធ្វើការស្នើរសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន 118,182នាក់ ឬជិត 90% បានទទួលការរៀបចំឥណទានឡើងវិញដែលមានទំហំទឹកប្រាក់សរុប 488លានដុល្លារ។
ជាលក្ខខណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបាន លុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យារវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារសិទ្ធអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី1 ឆ្នាំ 2020 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុបានបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួនតាមរយៈការជួយប្រជាជនប្រមាណជាង 2.2លាននាក់ និងមានឥណទានសរុបជាង 30ទ្រីលានរៀល ឬស្មើនឹង 7.4ប៊ីលានដុល្លា ខណៈអតិថិជនបញ្ញើរមានសរុបចំនួនជាង 2.8លាននាក់ ដោយគិតជាទឹកប្រាក់សរុបប្រមាណ 14ទ្រីលានរៀល ឬស្មើនឹង 3.6ប៊ីលានដុល្លា៕