ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថានឹងពិចារណាបន្ថែមទៀតលើការបើកដំណើរការសាលារៀនឡោះងវិញឱ្យបានមុនថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2020 ដែលជាថ្ងៃចូលបវេសនកាលឆ្នាំសិក្សាថ្មី។
ការលើកឡើងបែបនេះគឺស្របពេលដែលឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរលិខិតផ្ញើរជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីពីការគិតគូររបស់ក្រសួងចំំពោះការសុំបើកដំណើរគ្រឹះស្ថានសិក្សាឡើងវិញ។
ក្នុងលិខិតនេះបានបញ្ជាក់ថា ឆ្លើយតបនឹងសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយចំនួនដែលបានលើកសំណូមពរមកក្រសូងអប់រំ ឱ្យដំណើរការសាលារៀនឡើងវិញនៅសប្តាហ៍ទី4 ខែឧសភា ឬដើមខែមិថុនាឆ្នាំ 2020 ឬនៅពេលណាមួយខាងមុខ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យល់ឃើញថាគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញដើម្បីតាមដានស្ថានភាពនៃជំងឺ Covid-19 កុំឱ្យមានការឆ្លងជាសហគមន៍ ជាពិសេសការបង្ការរលកទី2។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាកត្តាដែលមិនទាន់អាចបើកសាលារៀននៅពេលនេះ ហើយរង់ចាំរហូតដល់ដំណាច់ឆ្នាំនេះ គឺដោយសារតែបច្ចុប្បន្ននេះនៅបណ្តាប្រទេសមួយចំនួនចាប់ផ្តើមមានការរីករាលដាលនៃមេរោគ Covid-19 ជាថ្មី ហើយក្នុងនោះកម្ពុជាក៏កំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។ បន្ថែមពីលើនេះ បើពិនិត្យមើលលើកត្តាបច្ចេកទេសថ្នាក់រៀនកម្ពុជាមានទំហំសិស្សចាប់ពី 50 ទៅ 60នាក់ ខណៈស្តង់ដារសម្រាប់អង្គការ WHO ឱ្យដាក់តែ 20នាក់ប៉ុណ្ណោះដើម្បីរក្សាគម្លាតសុវត្ថិភាព។ បន្ថែមពីលើនេះប្រសិនបើយើងបំបែកសិស្សឱ្យរៀនច្រើនវេន គ្រូនឹងត្រូវបន្ថែមម៉ោង ហើយសុំប្រាក់ឧបត្ថម្ភបន្ថែម។
ជាដំណោះស្រាយក្នុងដំណាក់កាលនេះគឺក្រសួងដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនដើម្បីអប់រំសិស្ស។ ចំពោះមុខស្ថានភាពបែបនេះឯកឧត្តមមបញ្ជាក់ថា យើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយក្នុងការប្រញ៉ាប់បើកសាលារៀន ហើយសម្រេចចិត្តបើកសាលានៅចុងឆ្នាំ 2020 ក៏មិនយឺតពេលដែរ៕