គ្មានមនុស្សណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេនៅលើលោកយើងនេះ ហេតុនេះមនុស្សកើតមកជាមួយនឹងទំនាក់ទំនង តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ទំនាក់ទំនងមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើមនុស្សបង្កើតទំនាក់ទំនងល្អ វានឹងផ្តល់ផលវិជ្ជមានមកដល់ខ្លួនយើងយ៉ាងច្រើន ដូចជាសុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងក្នុងសង្គម តែប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន ហើយបណ្តោយឱ្យគ្រប់ទំនាក់ទំនងកើតឡើងដោយភាពមិនល្អវិញ វានឹងអាចបំផ្លាញជីវិតរបស់យើងឱ្យជួបវិបត្តិម្តងហើយម្តងទៀតជាក់ជាមិនខាន។
ដោយមើលឃើញពីគុណសម្បត្តិនៃការទំនាក់ទំនងនេះហើយ ទើបក្រុមយុវជនមួយដែលមានឈ្មោះថា Daily Plus បានបង្កើតកម្មវិធីបណ្តុះបណ្តាលមួយដែលមានឈ្មោះថា «ចិត្តសាស្រ្តទំនាក់ទំនង» ដើម្បីជាទុននៃការពិចារណា ក៏ដូចជាចំណេះដឹងសម្រាប់ប្រជាជនកម្ពុជាឱ្យបង្កើតទំនាក់ទំនងកាន់តែល្អឡើង។
លោក ពេជ្រ វិសាល ស្ថាបនិករបស់ Daily Plus បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ចិត្តសាស្ត្រទំនាក់ទំនង» ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជន អាចអភិវឌ្ឍខ្លួនឯងលើផ្នែកទំនាក់ទំនងដើម្បីឈានទៅដល់ភាពជាបុគ្គលដែលពោរពេញទៅដោយសមត្ថភាពសម្រាប់ចូលរួមចំណែកជួយដល់សង្គមរបស់យើងទាំងអស់គ្នា។
លោក វិសាល បានលើកឡើងថា៖ «តាមរយៈសិក្ខាសាលានេះ យុវជននឹងមានសមត្ថភាពក្នុងការទំនាក់ទំនងតាមរយៈការទទួលយកចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធតាមរយៈគ្រូបង្វឹកដែលមានជំនាញ និងជោគជ័យក្នុងអាជីវកម្ម»។
វាគ្មិនដែលបានចូលរួមក្នុងវេទិកាយ៉ាងមានសារៈសំខាន់នេះ មានដូចជាលោកឧកញ៉ា ជា ដែន អគ្គនាយកក្រុមហ៊ុនសម្ព័ន្ធ វ៉ាន់ សុភី គ្រុប លោកឧកញ៉ា តាំង ណាំស្រ៊ុន អគ្គនាយកក្រុមហ៊ុន ហង្សនាគ និងលោក កែវ ឡង់ឌី នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន Baby Outlet Cambodia៕