នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 នេះ ការដឹកទំនិញនៅតាមបន្ទាន់ព្រំដែនហាក់មានសកម្មភាពយឺតយ៉ាវ ខណៈបន្លែផ្លែឈើបរទេសជាច្រើនប្រភេទមិនសូវហូរចូលខ្លាំងដូចកាលពីមុនឡើយ។ ចំណុចនេះបានអនុញ្ញាតឱ្យកសិផលខ្មែរយើងបានចេញមកយ៉ាងព្រោងព្រាតក្នុងទីផ្សារដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងស្រុក។
សម្រាប់កសិករនៅខេត្តព្រះសីហនុ ក្នុងខែនេះពួកគាត់កំពុងប្រមូលផលធុរេន សាវម៉ាវ ម្ឃុត និងផ្លែឈើហូបផ្លែជាច្រើនមុខទៀត។ ក្នុងទឹកមុខសប្បាយរីករាយ អុំស្រី យឹម ធា អ្នកមើលការខុសត្រូវចំការផ្លែឈើនៅស្រុកព្រៃនប់ បានលើកឡើងថា ផ្ទៃដីរបស់គាត់មានចំនួន 30ហិកតា ដែលបានដាំដំណាំហូបផ្លែជាច្រើនមុខដូចជាធុរេន សាម៉ាវ និងម្ឃុត ដោយផលទាំងនោះនឹងត្រូវចែកចាយទៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។
នៅឆ្នាំនេះផលសាវម៉ាវអាចលក់បានក្នុងមួយគីឡីក្រាម 7,000រៀលសម្រាប់អ្នកលក់បោះដុំ និងធុរេនលក់បានតម្លៃ 15,000រៀល ដោយឈ្មួញបោះដុំមកទិញដល់ទីតាំងតែម្តង។ អុំស្រីបញ្ជាក់ថាទោះបីជាតម្លៃនេះមើលទៅធូរថ្លៃជាងឆ្នាំមុន តែគាត់នៅតែសប្បាយចិត្តព្រោះផលទាំងអស់បានចេញទៅកាន់ទីផ្សារបានទូលំទូលាយ ហើយតម្រូវការក៏មានការកើនឡើងដែលធ្វើឱ្យផ្លែឈើត្រូវលក់អស់ៗពីចំការ មិនដូចឆ្នាំខ្លះត្រូវសល់ចោលនោះទេ។ បន្ថែមពីលើនេះ អ្វីដែលជាចំណុចពិសេសបន្ថែមទៀតនោះគឺផលផ្លែឈើទាំងអស់សុទ្ធតែដាំដោយធម្មជាតិ និងមានរសជាតិឆ្ងាញ់ ហេតុនេះដំណាក់កាលនេះបានធ្វើឱ្យប្រជាជនខ្មែរយើងកាន់តែច្រើនងាកមកគាំទ្រផលិតផលក្នុងស្រុក និងដឹងកាន់តែច្បាស់ពីគុណភាពបន្លែផ្លែឈើខ្មែរដែលឆ្ងាញ់ជាងផ្លែឈើនាំចូល។ អុំស្រីរំពឹងថាចាប់ពីឆ្នាំនេះទៅ អតិថិជននៅទូទាំងប្រទេសនឹងចាប់ផ្តើមគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ បើទោះបីជាមានផលិតផលនាំចូលមកខ្លះក៏ដោយ ព្រោះគាត់ជឿជាក់ថាប្រជាជននឹងជក់ចិត្តជាមួយនឹងផ្លែឈើដែលមានគុណភាពល្អនៅក្នុងស្រុក និងបន្តស្វែងរកនៅពេលបន្តបន្ទាប់ទៀត៕