នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ក្រៅពីផលប៉ះពាល់នៃការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែជនខិលខូចតែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យានៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការបញ្ចៀសខ្លួនឯងកុំឱ្យជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពីឧបករណ៍រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បីការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាលត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយដូចជាការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕