Dong Mingzhu ជាប្រធានក្រុមហ៊ុន Gree Electric អាចលក់បានទំនិញដែលជាគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលតម្លៃសរុប 43.7លានដុល្លារអាមេរិក ដោយការឡាយ (livestream) ត្រឹមតែ3ម៉ោងប៉ុណ្ណោះ។
កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ livestream ត្រូវបានគេនិយមប្រើប្រាស់ច្រើននៅប្រទេសចិន។ បុគ្គលល្បីៗ និងអ្នកមានឥទ្ធិពលនៅលើអ៊ីនធើណិត តែងត្រូវបានក្រុមហ៊ុននានាជួលឱ្យជួយឃោសនាអំពីផលិតផលិតផលរបស់ពួកគេដោយការផ្សាយផ្ទាល់លើអ៊ីនធើណិត។ ប៉ុន្តែ ថ្មីៗនេះ មាននិន្នាការថ្មីមួយទៀតដែលកំពុងពេញនិយម នោះគឺថ្នាក់ដឹកនាំក្រុមហ៊ុនផ្ទាល់ ចេញមុខនៅតាមកម្មវិធីផ្សាយផ្ទាល់ (livestream) របស់ពួកគេដើម្បីណែនាំ និងលក់ផលិតផល។
Li Jing ដែលជានាយកក្រុមហ៊ុនជំនាញខាងតុបតែងគ្រឿងសង្ហារិម Mendale Textile រកបានប្រាក់3.5លានដុល្លារតាមរយៈការឡាយ ដោយចំណាយពេលត្រឹមតែ4ម៉ោងប៉ុណ្ណោះ កាលពីខែមីនា។ James Liang ដែលជាប្រធានក្រុមហ៊ុនទេសចរណ៍ Trip.com រកបានប្រាក់ចំនួន8.4លានដុល្លារជូនក្រុមហ៊ុន បន្ទាប់ពីបានឡាយ5លើក ដោយក្នុង1លើកៗ លោកចំណាយត្រឹមតែ1ម៉ោងប៉ុណ្ណោះ។ ដូចគ្នានេះដែរ កាលពីថ្ងៃទី10មីនា អ្នកស្រី Dong Mingzhu ដែលជាមេដឹកនាំរបស់ក្រុមហ៊ុន Gree Electric ក៏រកបានប្រាក់43.7លានដុល្លារ បន្ទាប់ពីបានឡាយលក់ផលិតក្នុងរយៈពេល3ម៉ោង។
កម្មវិធី ឬអែប(App) ដែលពេញនិយមសម្រាប់ការឡាយលក់ផលិតផលនៅប្រទេសចិន នោះគឺគេហទំព័រពាណិជ្ជកម្ម Taobao និង JD ខណៈដែលបណ្ដាញសង្គមដូចជា Douyin (កំណែភាសាចិនរបស់ TikTok) និង Kuaishou ក៏កំពុងទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនឡើងៗផងដែរ។
Livestream កំពុងតែផ្លាស់ប្ដូរទម្លាប់ទិញដូររបស់អតិថិជននៅទូទាំងពិភពលោក ពិសេសគឺមនុស្សទាន់សម័យ និងយុវវ័យ។ បើសិនជាចង់ទិញផ្កា បន្លែផ្លែឈើ គឺមាន “តារាកសិករ” ជាច្រើនបង្ហាញខ្លួនរៀបរាប់អំពីផលិតផលនៅលើគេហទំព័រ Kuaishou។ ជាងនេះ កន្លងមក អ្នកលេងអ៊ីនធើណិតនៅប្រទេសចិនក៏ធ្លាប់បានជួបប្រទះអតិថិម្នាក់ ហ៊ានចំណាយប្រាក់ដល់ទៅ5.6លានដុល្លារអាមេរិកដើម្បីទិញរ៉ុកកែតពាណិជ្ជកម្ម Kuaizhou-1A 1ដើមទៀតផង តាមរយៈការឡាយលក់មួយនៅលើគេហទំព័រ Taobao។
COVID-19 បានផ្ទុះឡើងនៅប្រទេសចិន បណ្ដាលឱ្យមនុស្សត្រូវនៅផ្ទះ កន្លែងធ្វើការត្រូវបិទទ្វារ នាយកក្រុមហ៊ុននានាក៏ត្រូវស្វែងរកយុទ្ធសាស្ត្រថ្មីដើម្បីអាចរស់បន្តទៅមុខ។ យុទ្ធសាស្ត្រមួយដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេនោះគឺការឃោសនាលក់ផលិតផល ឬសេវាកម្មដោយការផ្សាយផ្ទាល់នៅលើអ៊ីនធើណិតដែលគេហៅថា “ឡាយ”។ ក្រៅពីមេដឹកនាំក្រុមហ៊ុននានាដូចបានរៀបរាបខាងលើ គេក៏ឃើញមានលោក Qian Jinbo ដែលជាប្រធានក្រុមហ៊ុនស្បែកជើង Red Dragonfly រួមនឹងលោក Liu Minghui ជាស្ថាបនិកក្រុមហ៊ុន China Gas និងលោក Chen Xiaodong ដែលជា CEO របស់ក្រុមហ៊ុន Intime Retail Group ជាដើម ក៏បានចូលរួមក្នុងការឡាយលក់ផលិតផលរបស់ពួកគេដែរ។
បើទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញក្នុងវិស័យច្នៃប្រឌិតនានាយល់ថា ការបង្ហាញវត្តមានរបស់មេដឹកនាំក្រុមហ៊ុន អាចបង្កើតឱ្យមានភាពប្លែកភ្នែកគ្រាដំបូងៗ ប៉ុន្តែបើសិនជាពួកគេចេះតែនិយាយអំពីប្រធានបទដដែលៗក្នុងរយៈពេលយូរ នោះចំនួនអ្នកចូលមើលការឡាយរបស់ពួកគេនឹងថយចុះបន្តិចម្ដងៗ។ CEO និងមេដឹកនាំក្រុមហ៊ុននានា ត្រូវតែមានការច្នៃប្រឌិតជានិច្ចនៅពេលពួកគេចង់រក្សា និងទាក់ទាញទស្សនិកជន។
ឧទាហរណ៍ដូចជា Hou Yi ដែលជា CEO របស់បណ្ដាញផ្សារទំនើប Hema នៃក្រុមហ៊ុន Alibaba បានចូលរួមប្រកួតបកសម្បកបង្កងនៅក្នុងការឡាយជាមួយ Viya ដែលជាបុគ្គលល្បីឈ្មោះនៅលើបណ្ដាញសង្គមចិន ឬក៏ដូចជា James Liang ដែលបានប្រើប្រាស់សម្លៀកបំពាក់តាមអ្នកស្រុកនៅតំបន់ផ្សេងៗដើម្បីឃោសនាអំពីកញ្ចប់សេវាកម្មទេសចរណ៍របស់ក្រុមហ៊ុន Trip.com ។ល។
ពិសេសទៀតនោះគឺករណីរបស់ Luo Yonghao ជា CEO របស់ក្រុមហ៊ុនទូរស័ព្ទ Smartisan ដែលរកបានប្រាក់15.5លានដុល្លារអាមេរិក តាមរយៈការឡាយ3ម៉ោងកាលពីខែមេសា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នោះគឺ Luo Yonghao មិនបានលក់ផលិតផលណាមួយទាំងអស់ ប៉ុន្តែជំនួសមកវិញ គាត់បានសហការជាមួយបណ្ដាញសង្គម Douyin ដើម្បីបានធ្វើជា livestreamer (អ្នកផ្សាយផ្ទាល់/អ្នកឡាយ) ដោយការលក់ផលិតផលច្រើនមុខ ចាប់ពីអាហារ រហូតដល់ផលិតផលរបស់ក្រុមហ៊ុនផ្សេងៗ។
ករណីរបស់ Luo បានបង្ហាញថា CEO របស់បណ្ដាក្រុមហ៊ុន គឺពិតជាអាចក្លាយជាបុគ្គលដ៏មានឥទ្ធិពលខ្លាំងនៅលើបណ្ដាញអ៊ីនធើណិត ដែលអាចនាំមកនូវប្រភពចំណូលថ្មី និងច្រើនសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុន។
យោងតាម iiMedia Research ទំហំទឹកប្រាក់ដែលត្រូវបានទូទាត់តាមរយៈការឡាយលក់ផលិតផលនៅប្រទេសចិន បានកើនដល់61ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ2019។ ដោយសារតែឥទ្ធិពលរបស់ COVID-19 វិស័យខាងលើនេះកំពុងមានការរីកចម្រើនខ្លាំងឡើងៗ រហូតដល់មានការព្យាករថា ទំហំទឹកប្រាក់់ដែលត្រូវបានទូទាត់តាមរយៈការឡាយនឹងឡើងដល់129ពាន់លានដុល្លារក្នុងឆ្នាំ2020នេះ៕
ប្រភព៖ សារព័ត៌មានបរទេស