អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់មិនឱ្យមន្ត្រីនគរបាលចរាចរណ៍ ឃាត់អ្នកបើកបរយានយន្តដើម្បីត្រួតពិនិត្យឯកសារផ្សេងៗជាដាច់ខាត លើកលែងតែមានអំពើល្មើសជាក់ស្តែង។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា៖ ករណីនេះត្រូវបានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ គឺថាយានយន្តទាំងអស់ដែលត្រូវត្រួតពិនិត្យគឺជាយានយន្តដែលប្រព្រឹត្តល្មើសហើយ ល្មើសក្នុងចំណោម 7 និង9 នេះ ដូចជាមាន មិនពាក់ខ្សែក្រវ៉ាត់ បើម៉ូតូអត់មួក ជាល្មើសជាក់ស្តែង។ ហើយក្រោយពេលគេពិនិត្យលើករណីជាក់ស្តែងនេះហើយ គឺនឹងពិន្យបន្ថែមទៀត ដូចជាសួររឿងបណ្ណបើកបរ បញ្ហាស្រវឹង ឬខ្វះខាតឯកសារផ្សេងៗជាដើម»។
គួរបញ្ជាក់ថាក្រោយពេលរឹតបន្តឹងច្បាប់រាចរណ៍ផ្លូវគោកប៉ុន្មានថ្ងៃនេះ បទល្មើសចរាចរណ៍ និងករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានថយចុះយ៉ាងច្រើន៕