ភ្នំពេញៈ ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា ភីអឹលស៊ីបានធ្លាក់ចុះជិត10ភាគរយ ក្នុងដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី ដែលជាធនាគារធំជាងគេនៅកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី31 កក្កដានេះថា កាលពីឆមាសទី1ឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដាសម្រេចបានទំហំទឹកប្រាក់59.4លានដុល្លារ ប៉ុន្តែឆ្នាំនេះយើងទទួលបានប្រាក់ចំណេញត្រឹមតែ53.3លានដុល្លារប៉ុណ្ណោះ គឺផលចំណេញបានធ្លាក់ចុះជិត10ភាគរយ។
លោកបន្តថា “ការថយចុះនូវប្រាក់ចំណេញនេះ គឺដោយសារទំហំឥណទានរបស់យើងមិនមានកំណើនខ្ពស់ គឺសម្រេចបានត្រឹម0.73ភាគរយប៉ុណ្ណោះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ លោកបន្តថា “ការលក់ឥណទានមិនដាច់ និងការថមថយនូវតម្លៃផលិតផលកសិកម្ម ជាផ្នែកសំខាន់នៃការថមថយចុះនូវប្រាក់ចំណេញ និងទំហំឥណទាន”។
លោក អ៊ិន ចាន់នី បានបន្តថា ជាមួយនឹងការថយចុះនេះ ធនាគារកំពុងគិតគូរផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនដើម្បីសម្រេចបានកំណើនឡើងវិញ ព្រោះពីមុនយើងផ្តោតលើកសិកម្មច្រើន។ ធនាគារនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារជារឿងចាំបាច់ ប៉ុន្តែមិនមែនជាការថយចេញពីវិស័យកសិកម្មនោះទេ។
ការថមថយចុះនៃឥណទានរបស់អេស៊ីលីដាមិនឆ្លុះបញ្ចាំងពីវិស័យនេះទាំងមូលនោះទេ ព្រោះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្រិតឥណទានទូទាំងវិស័យនេះ សម្រេចបានកំណើន18ភាគរយក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕