ធនាគារអភិវឌ្ឍន៍អាស៊ី ឬADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ 1.3ប៊ីលានដុល្លារអាមេរិក តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ2021-2023 ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ2019-2023 របស់ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជាដែរ។
បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋា ភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ2021-2023 របស់ ADB មានទឹកប្រាក់ ចំនួនប្រមាណ 1.5ប៊ីលានដុល្លារអាមេរិក។
រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា កាលពីថ្ងៃទី8 ខែឧសភា ឆ្នាំ2020 នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ Country Operation Business Plan-COBP 2021-2023 តាមរយៈ Video Conference ដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅអំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុងវិស័យអាទិភាពសំខាន់ៗ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសា សន៍ថា៖«រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 ដើម្បីទប់ស្កាត់ការឆ្លង ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែង ចំនួននៃការឆ្លង មានត្រឹមតែ 122 ករណីប៉ុណ្ណោះ ដែលភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រភពមកពីខាង ក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក»។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការជួយអន្តរាគមន៍ ដើម្បីការ រក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នក បាត់បង់ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម ការបន្តអនុវត្ត គម្រោងសាច់ប្រាក់ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ នៅពេលដែលរោងចក្រព្យួរអាជីវកម្ម។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង រៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវឌ្ឍន៍ និងគោល ការណ៍សំខាន់ៗចំនួន 4 គឺ៖ 1-និន្នាការសកល បន្ទាប់ពីវិបត្តិវីរុសកូវីដ-19។ 2-ការកំណត់ និងជ្រើស រើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់។ 3-ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង 4-ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាបណ្ណក្នុង ស្រុក នាពេលខាងមុខ។
ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-19 (COVID-19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន 250លាន ដុល្លារអាមេរិក ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាម សំណើបន្ទាន់របស់កម្ពុជាផងដែរ។
បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាព នៃធនាគារឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញការអភិវឌ្ឍ កសិ-ធុរកិច្ច ប្រកបដោយការប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ 111លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមជាគន្លឹះរបស់ SME។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការ ជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្ប ទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍វីរុសកូវីដ-19 នេះ។
គិតចាប់ពីឆ្នាំ1992 រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ 3485 លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ 2983លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ 502លានដុល្លារអាមេរិក៕