ខណៈដែលមហាជនជាច្រើនបានឃើញតារាចម្រៀងស្រីវ័យក្មេងនៅក្នុងផលិតកម្ម កាឡាក់ស៊ីណាវាត្រា គឺកញ្ញា តន់ ចន្ទសីម៉ា និងប្អូនស្រី អ៊ុក សុវណ្ណារី សម្រុកចេញបទចម្រៀងថ្មីៗជាច្រើននៅលើបណ្ដាញសង្គមយូធូប ភ្លាមៗនោះគេស្រាប់តែនឹកឆ្ងល់ក្នុងចិត្តថា តារាចម្រៀងល្បីឈ្មោះ 2 ដួងទៀត ហេតុអ្វីបាត់មុខពីផលិតកម្មខាងលើ ដែលសុទ្ធសឹងតែជាម្ចាស់បទល្បីៗ ដូចជាបទ ប្រមូលអ្នក Sigle , ថ្ងៃនេះខ្ញុំការហើយ ,ខ្ចប់ទឹកភ្នែកគប់កណ្ដាលមុខ និង ស្រីសល្អឯក ជាដើម។
អស់រយៈពេលមួយឆ្នាំហើយដែលគេខានបានឃើញអ្នកនាង រ័ត្ន រចនា និងលោក ចាន់ សម័យ ចេញបទចម្រៀងនៅក្នុងផលិតកម្មនេះទៀត។ យ៉ាងណាមិញ គេបានដឹងថា អ្នកនាងរ័ត្ន រចនា បានសាងប្រជាប្រិយល្បីបានមួយឆាវនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈបទ « មេម៉ាយសប្បាយចិត្ត » រហូតដល់អ្នកនាងបានបង្ហាញវត្តមាននៅក្នុងផលិតកម្មកាឡាក់ស៊ី។ ភាពល្បីល្បាញរបស់អ្នកនាង បានបន្ដឱ្យមហាជនចាប់អារម្មណ៍បទចម្រៀងថ្មីសន្លាងរបស់អ្នកនាងគឺបទ «ប្រមូលអ្នក Sigle » ដែលជាចង្វាក់រាំបែបប្រជាប្រិយ ចេញក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរមួយឆ្នាំមុន រហូតដល់មានបទបន្ដបន្ទាប់បាន 2 ទៅ3 បទ ហើយក៏បាត់មុខវិញ។ រីឯតារាចម្រៀង ចាន់ សម័យ វិញ គេមើលឃើញថា លោកបានបាត់មុខអស់រយៈពេលជាយូរនៅក្នុងពិភពសិល្បៈដោយភាពដុនដាបនៃជំងឺប្រចាំកាយ។ ក៏ប៉ន្ដែ លោកបានបង្ហាញវត្តមានក្នុងសិល្បៈជាថ្មីម្ដង ដោយមានការជួយជ្រោមជ្រែងពីមិត្តរួមអាជីពផង និងពីសំណាក់ម្ចាស់ផលិតកម្មមួយនេះផងដែរ។
រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងផលិតកម្មកាឡាក់ស៊ីណាវាត្រា ត្រូវបានដាក់បង្ហាញតារាចម្រៀងក្មេងៗចំនួន 4រូប ក្នុងនោះរួមមាន ប្អូនស្រី អ៊ុក សុវណ្ណារី ប្អូនប្រុស ធឿន បុរី លោក Tempo និងកញ្ញា តន់ ចន្ទសីម៉ា តែប៉ុណ្ណោះ។ ចំពោះវត្តមានតារាចម្រៀង អ្នកនាង រ័ត្ន រចនា និងលោក ចាន់ សម័យ ត្រូវបានគេសង្ស័យថា បានចាកចេញពីផលិតកម្មហើយ។ លោក ចាន់ សម័យ សង្ស័យអាចបណ្ដាលមកពីស្ថានភាពសុខភាព រីឯ រចនា ត្រូវគេឃើញបង្ហាញវត្តតែតាមរយៈកម្មវិធីច្រៀងការ និងកម្មវិធីប្រគំតន្ត្រីមួយចំនួនតែប៉ុណ្ណោះ។ ជាក់ច្បាស់យ៉ាងណានោះ អ្នកគាំទ្រគ្រប់គ្នាមានតែរង់ចាំការបកស្រាយពីខាងផលិតកម្ម ក៏ដូចជាអ្នកគ្រប់គ្រងធ្វើការស្រាយបំភ្លឺបន្ថែម៕