ខ្សែការពារ Gerard Pique បានរកគ្រាប់បាល់ឈ្នះឲ្យក្រុម Barcelona ក្នុងពេលប្រកួតជាមួយនឹងក្រុម Real Madrid កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ(ម៉ោងនៅកម្ពុជា) ខណៈការប្រកួតដែលមានឈ្មោះថា El Clasico នៅលើទឹកដីនៃរដ្ឋ Miami នេះបានផ្តល់នូវការរំភើបយ៉ាងខ្លាំង។
ខ្សែការពារអន្តរជាតិអេស្ប៉ាញរូបនេះបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីពីការស៊ុតបាល់ពិន័យ Free-kick របស់ Neymar នៅនាទីទី50 ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ 3-2 លើក្រុម Real Madrid នៅមុខអ្នកទស្សនាសរុបចំនួន66,014នាក់នៅឯកីឡដ្ឋាន Hard Rock។ ខ្សែប្រយុទ្ធ Lionel Messi ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងរយៈពេលនៃការលេង64នាទីរបស់គេនោះ បានរកគ្រាប់បាល់បើកឆាក ក្រោយពីលេងបានរយៈពេលត្រឹមតែ3នាទី ហើយបន្ទាប់ពីនោះខ្សែបម្រើ Ivan Rakitic បានបន្ថែមគ្រាប់បាល់ទី2ភ្លាមៗដែរ បន្ទាប់ពីខ្សែការពាររបស់ក្រុម Real Madrid ហាក់ស្ថិតក្នុងសភាពទន់ខ្សោយ។ ប៉ុន្តែ ក្រុមរបស់លោក Zinedine Zidane បានស្តារមុខមាត់ឡើងវិញភ្លាមៗ និងនៅជិតបញ្ចប់ការប្រកួតនៃតង់ទី1 គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Mateo Kovacic និង Marco Asensio បានជួយឲ្យក្រុមស្តេចឈុតសមួយនេះ តាមស្មើវិញតែម្តង។ ទោះបីជាយ៉ាងណា Pique បានរកគ្រាប់បាល់កាត់សេចក្តី ដើម្បីជួយឲ្យក្រុម Barcelona ឈ្នះពានពីការប្រកួតមិត្តភាពមុនបើករដូវកាលមួយនេះតែម្តង។ លទ្ធផលនៃការប្រកួតមិត្តភាពមុនបើករដូវកាលនេះ មិនជះឥទ្ធិពលទៅលើកំណត់ត្រាជារួមនៃការប្រកួតដែលឈ្មោះថា El Clasico ឡើយរវាងក្រុមទាំងពីរនេះ ខណៈដែល Real Madrid បានកត់ត្រាជ័យជម្នះសរុប93លើក ហើយ Barcelona ឈ្នះ91លើក៕
ប្រភពពី៖ BBC