ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះបានចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មានជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ។
នៅក្នុងសេចក្តីណែនាំនោះ ក្រសួងបញ្ជាក់ថា ក្នុងបរិការណ៍ដែលប្រជាជនកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ចូលរួម ថែរក្សា ការពារ និងលើកកម្ពស់សុខដុមភាពនៃវិស័យសិល្បៈ ក្រុមប្រឹក្សាវិន័យនិងលើកសរសើររបស់ក្រសួងបានមើលឃើញថាអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញសង្គមមួយចំនួន ពិសេសអាជីវករតាមអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាអក្សរ និងសំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗ។
ហេតុនេះដើម្បីបញ្ចៀសផលប៉ះពាល់ និងដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរព្រមទាំងគុណតម្លៃក្នុងនាមជាពលរដ្ឋកម្ពុជា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់សូមបញ្ឈប់សកម្មភាពផ្សពផ្សាយខ្លឹមសារទាំងឡាយណាដែលមានចរិតអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្ករឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់សង្គមជាតិ។
ប្រសិនបើបុគ្គល ឬក្រុមណាមួយនៅបន្តប្រព្រឹត្តអវិជ្ជមានខាងលើ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ និងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសនីយនិងទូរគមនាគមន៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដើម្បីចាត់វិធានការតាមច្បាប់៕