សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃម្សិលម៉ិញនេះ បានចេញលិខិតអំពាវនាវឱ្យម្ចាស់អគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បញ្ចុះតម្លៃឈ្នួលដល់ម្ចាស់ផលិតកម្មទាំងអស់នោះ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មនានានៅកម្ពុជាដែលទទួលបាន និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19។ ការទទួលរងនេះត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្តែង រោងចក្រចំនួន 180 បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោចចក្រចំនួន 60ផ្សេងទៀតនឹងព្យួរផលិតកម្មនៅពេលខាងមុខ។ ការព្យួរនេះបានបញ្ជាក់អំពីភាពមិនអាចទ្រងទ្រង់បាននូវបន្ទុកចំណាយនានារបស់រោងចក្រខណៈចំណូលរបស់ពួកគេបានធ្លាក់ចុះ។
GMAC បានបញ្ជាក់ផងដែរថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំង គឺជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែលសមាជិករបស់យើងកំពុងរងគ្រោះដោយសារការលុបចោលនៃការទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជាការចំណាយផ្សេងៗទៀត។
សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់ដោយសារជំងឺ Covid-19 តែសមាគមសុំអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិផលធ្វើដំណើរ មេត្តាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច 30% សម្រាប់រយៈពេល 3 ទៅ 6ខែ។ GMAC យល់ឃើញថាការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចួលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជាទើម្បីទ្រទ្រង់វិស័យនេះ៕