អំបិល ជាអាហារចាំបាច់បំផុតសម្រាប់មនុស្សលើពិភពលោក ហេតុនេះហើយទើបតម្រូវការអំបិលនៅតែជាចំនុចអាទិភាពបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោក ភូ លិ អភិបាលរងខេត្តកំពត បានលើកឡើងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅតែបន្តដំណើរការទៅមុខដូចធម្មតា បើទោះបីជាកន្លងមកមានបញ្ហាលំបាកមួយចំនួនក៏ដោយ។ បញ្ហាដែលសហគមន៍ផលិតអំបិលនៅខេត្តកំពតធ្លាប់ជួបប្រទះគឺ បញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់អាជីវកម្ម។
លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពត គឺជាកន្លែងផលិតអំបិល ដែលបានចែកចាយទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ព្រោះទីនេះមានអំបិលប្រកបដោយគុណភាពខ្ពស់។ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើងដំបូង យើងក៏ធ្លាប់មានការព្រួយបារម្ភថាក្រោយពេលផលិតបានច្រើន អាចនឹងលំបាកស្វែងរកទីផ្សារ តែស្ថានភាពជាក់ស្តែង បញ្ហាទីផ្សារមិនមែនជាបញ្ហាចម្បងទេ ព្រោះអ្វីដែលធ្វើឱ្យយើងលំបាកគឺការប្រែប្រួលអាកាសធាតុ និងទុនផលិតទៅវិញទេដែលធ្វើឱ្យអ្នកផលិតជួបបញ្ហា។ ទោះជាយ៉ាងនេះក្តីរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយគណៈអភិបាលខេត្តកំពត ក្នុងការជួយដោះស្រាយដោយរឹតត្បិតអំបិលនាំចូលពីប្រទេសជិតខាង និងជួយជាដំណោះស្រាយមួយចំនួនផ្សេងទៀត។
រយៈពេល 4ខែដើមឆ្នាំ 2020 នេះ ខេត្តកំពតបានផលិតអំបិលប្រមាណ 27,775តោន ហើយបានផ្គត់ផ្គង់លើទីផ្សារចំនួន 12,332តោន៕\