ដោយសារមានជនខិលខូចមួយចំនួន បាននិងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតរបស់ជំងឺ កូវីដ-19 នោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។
ថ្វីបើគេហទំព័រ និងកម្មវិធីភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការការពារសុវត្ថិភាពបន្ថែមក៏ដោយ ក៏ជនខិលខូចនៅតែព្យាយាមវាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីពួកគេអាចចូលទៅផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នកបញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖
1- លេខសម្ងាត់ត្រូវមានយ៉ាងតិច 10ខ្ទង់ (at least 10 digits)
2- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញាលាយគ្នា ex: p@$$GOand$ — “Pass Go and $” ។
3- កុំប្រើព័ត៌មានផ្ទាល់ខ្លួន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរស័ព្ទ ជាលេខសម្ងាត់ ជាដើម។
4- សម្រាប់អ្នកមានគណនីច្រើន សូមចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា។
5- ប្រសិនបើលោកអ្នកឱ្យហាងទូរស័ព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត។
6- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរស័ព្ទ
7- សូមកុំចុចលើតំណភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អ៊ីមែល ឬសារ ដោយពុំបានស្នើសុំ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា