ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើតឱ្យមានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈដែលធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹងផ្តល់ជូនដល់អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បានសហការជាមួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។
លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណទានក្នុងទុនបង្វិល 20ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបានរហូតដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុមហ៊ុន។
លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរគរប្រភពទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធីក្នុងការខ្ចីលុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅលើគម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។
លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និងធនាគារដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។
លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ កុំឱ្យមានការតឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។
លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិនរត់ចោលស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់ឱ្យធនាគារសហគ្រាសធុនតូច និងមធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសងត្រឡប់ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។
បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យជួបនូវបញ្ហាប្រឈមនេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំងជាង SMEs ដែលផលិតចំណីអាហារ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែលផលិតផលិតផលមិនមែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួលពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយកម្រិតហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។
លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុងជួបប្រទះនេះ គឺទាក់ទងទៅនឹងបញ្ហាទីផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះទេ ដូច្នេះថវិការបស់ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិនទាន់បន្ស៊ីគ្នាបាននៅឡើយទេ។
បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំក្រុមការងារស្ទើរតែរាល់សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់ត្រៀមបង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕