អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ព្រោះមានអ្នកម្តាយជាច្រើននាក់ដែលប្រសូតបុត្ររួចហើយទឹកដោះមិនបានហូរចេញមកភ្លាមៗ អ្នកម្តាយខ្លះទៀតក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើត្រៀមជាស្រេចក្នុងការបំបៅទឹកដោះកូនហើយឬនៅ? ទើបកើតចេញជាសំនួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។
1 – បៅដោះម្តាយហើយកូនក្អែរ ក្អួត បញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?
រឿងនេះមិនពិតទេ បើកូនក្អែរទឹកដោះចេញមកវិញ ចូរគិតជាមុនថា អ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? ដែលឃើញកូនស្រែកយំញឹកញាប់នោះ អាចនឹងមិនបានឃ្លានមឹមទេ អាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំក៏គួរពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ ក៏លើកកូនមកបំបៅដោះតែម្យ៉ាងបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ។
2 – ម្តាយកើតប្រតិកម្មចាញ់នៅលើរាងកាយឱ្យកូនបៅទឹកដោះបានឬទេ?
អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។
3 – មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយគ្រប់គ្រាន់ឬទេ?
បើអ្នកម្តាយមានគភ៌ភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ និងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។
4 – ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?
បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងពួកនេះស្រេចទៅហើយ និងណែនាំវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះ ព្រោះកូននឹងរិះរកវិធីបឺតជញ្ជក់ទឹកដោះបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។
5 – កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី
មិនមែនជាការពិតទេ ព្រោះទឹកដោះម្តាយងាយរំលាយ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូននឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួត តែនឹងគេងលក់ស្រួល និងបៅទឹកដោះស្រួល។
6 – កូនខ្លួនឡើងលឿងត្រូវតែបានទទួលទឹកដោះម្តាយភ្លាម
ទារកភាគច្រើននឹងខ្លួនឡើងលឿងបណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់នៅធ្វើការមិនទាន់ល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាម ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។
7 – ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?
បំបៅបានតាមប្រក្រតី លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអ ាការគ្រុនក្តៅកើតពីមេរោគបាក់តេរីអាចធ្វើឱ្យកូនឈឺបាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោ ឬឈឺកនោះ អាចបំបៅទឹកដោះកូនបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលដល់ទារកដែលបៅទឹកដោះម្តាយ គួរប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទិញថ្នាំជានិច្ច។
8 – អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅទឹកដោះកូនបានដូចប្រក្រតី តែនៅក្នុងអំឡុងពេលដែលដោះស្ទះនឹងមានអារម្មណ៍ថាថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។
ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានហ្នឹងឯង៕