ខ្សែការពារ Sergio Ramos ដែលជាប្រធានក្រុម Real Madrid បាននិយាយថា ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិ Kylian Mbappe នឹងក្លាយជាកីឡាករចំណូលថ្មីប្រកបដោយការស្វាគមន៍សម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League និង La Liga មួយនេះ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លិប Monaco។ ខ្សែប្រយុទ្ធវ័យ18ឆ្នាំរូបនេះ កំពុងតែស្ថិតក្នុងរ៉ាដារបស់លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ខណៈដែលក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ត្រៀមលក្ខខណៈរួចរាល់ធ្វើឲ្យរូបគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្នុងការផ្ទេរមួយដែលអាចមានតម្លៃខ្លួន211លានដុល្លារអាមេរិក ឬស្មើនឹង180លានអឺរ៉ូ។
Ramos បានបញ្ជាក់ថា Mbappe ពិតជាមានសមត្ថភាពក្នុងការក្លាយជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក។ នៅមុនពេលក្រុម Real Madrid របស់គេប្រកួតជាមួយនឹងក្រុម Barcelona ក្នុងទីក្រុង Miami Ramos បាននិយាយថា៖ «វាមិនមែនជាការសម្រេចចិត្តមួយសម្រាប់ខ្ញុំទេ ប៉ុន្តែ Mbappe ជាកីឡាករដ៏អស្ចារ្យម្នាក់។ មិនមានកីឡាករវ័យក្មេងច្រើនឡើយដែលមានលក្ខណៈដូចរូបគេ។ យើងមានឆ្នាំដ៏សំខាន់មួយនៅពីមុខយើង និងមានតារាឆ្នើមៗរួចជាស្រេច»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ទឹកប្រាក់ពិតជាអាចធ្វើឲ្យបាល់ទាត់មានចលនា ហើយមនុស្សជាច្រើនអាចលេងលើសពីអ្វីដែលពួកគេចង់។ ប្រសិនបើរូបគេចង់ចូលរួមជាមួយនឹងក្លិប Real Madrid ទ្វារពិតជាកំពុងតែបើកចំហ»៕
ប្រភពពី៖ Sports.yahoo