អាចម៍រុយភាគច្រើនកើតឡើងដោយសារការរងនូវផលប៉ះពាល់ជាមួយកាំរស្មី Ultraviolet ខ្លាំងនិងមានរយៈពេលយូរ។ តើអាចម៍រុយជាមូលហេតុដែលនាំឱ្យអ្នកស្ទើរតែមិនហ៊ានឈានជើងចេញពីផ្ទះឱ្យត្រូវកម្តៅថ្ងៃមែនទេ? ជាការពិតណាស់ដ្បិតថាអាចម៍រុយមិនធ្វើឱ្យអ្នកមានអារម្មណ៍ថា ផ្ទៃមុខមានសភាពគ្រើមដូចមុន ប៉ុន្តែវាក៏ជាបញ្ហាដែរចំពោះសម្រស់របស់អ្នក ហើយបើអ្នកជាមនុស្សម្នាក់ដែលមិនមានជំនាញ ឬមិនចូលចិត្តការតុបតែងមុខទៀតនោះ អាចម៍រុយគឺប្រាកដជាបង្ហាញខ្លួនយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់អ្នកជាមិនខាន។ បើអ្នកធ្លាប់បាន ឬកំពុងតែប្រើប្រាស់ផលិតផលមួយចំនួនដើម្បីកម្ចាត់អាចម៍រុយចេញ ក៏ធ្វើទៀតចុះ ប៉ុន្តែបន្ថែមពីនោះ ឡារ៉ែន ចង់ឱ្យអ្នកជួយជំរុញបញ្ហាមួយនេះឱ្យទៅកាន់តែឆ្ងាយ ដោយវិធីធម្មជាតិរួមផ្សំផងដែរ។ ឆ្លៀតពេលតែបន្តិច ចំណាយក៏តិច ហើយវាក៏មិនប៉ះពាល់ ឬមានប្រតិកម្មជាមួយផលិតផលដែលអ្នកកំពុងប្រើដែរនោះ សូមសាកល្បងជាមួយនឹង៖
ក្រូចឆ្មារ: វាមានផ្ទុកនូវសារធាតុដែលអាចជួយឱ្យស្បែកស លុបបំបាត់ស្នាមអាចម៍រុយលើស្បែក។ ក្រូចឆ្មារមួយផ្លែច្របាច់យកទឹកវា រួចយកក្រណាត់ Cotton មួយផ្ទាំងតូច មកជ្រលក់ទឹកក្រូចឆ្មារនោះ ហើយលាបនៅលើផ្ទៃមុខ ឬត្រង់កន្លែងដែលមានអាចម៍រុយ។ រួចទុកចោល20ទៅ30នាទី សឹមសម្អាតដោយទឹកត្រជាក់តាមធម្មតាវិញ។ជូតមុខឱ្យស្ងួត រួចលាបឡេផ្តល់សំណើមដល់ផ្ទៃមុខ។ ក្រៅពីនេះក៏នៅមានវិធីជំនួសមួយទៀតគឺ លាយស្ករសមួយស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារមួយផ្លែ ហើយយកវាទៅត្រដុសត្រង់កន្លែងដែលមានអាចម៍រុយ ប្រហែល1នាទី។ រួចទុកវាចោល10នាទី សឹមលាងទឹកចេញ។ បើលោកអ្នកជ្រើសរើសយកវិធីដែលប្រើតែទឹកក្រូចឆ្មារសុទ្ធខាងលើ អ្នកត្រូវធ្វើវាជារៀងរាល់ថ្ងៃ ប៉ុន្តែបើប្រើវិធីជំនួសស្ករស និងក្រូចឆ្មារអ្នកអាចធ្វើវា2 ឬ3ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ។
ប្រេងល្ហុងខ្វង: គ្រាន់តែយកប្រេងល្ហុងខ្វង2-3ដំណក់ មកម៉ាស្សា3នាទីពីលើស្បែកដែលកើតអាចម៍រុយ។ រួចផ្អាប់ទុករយៈពេល1ម៉ោងសឹមលាងសម្អាតវាចេញតាមធម្មតា។ អនុវត្តតាមវិធីនេះឱ្យបានម្តង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវធ្វើវាជារៀងរាល់ថ្ងៃ ទើបទទួលបានប្រសិទ្ធភាពរហ័សដូចបំណងរបស់អ្នក។
ប្រទាលកន្ទុយក្រពើ: នៅក្នុងជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើមានផ្ទុកនូវសារធាតុពីធម្មជាតិដែលអាចព្យាបាលសភាពពណ៌លើស្បែក ការបំផ្លាញដោយកម្តៅថ្ងៃ និងបន្ថែមសំណើមដល់ស្បែកផងដែរ។ ជាតិអន្ធិលកាត់ចេញពីធាងប្រទាលកន្ទុយក្រពើថ្មីៗ យកមកត្រដុសថ្នមៗលើបរិវេណដែលកើតអាចម៍រុយ ហើយទុកវាចោលកន្លះម៉ោង ចាំលាងសម្អាតចេញ។ អនុវត្តតាមវិធីនេះជារៀងរាល់ថ្ងៃ ដើម្បីឱ្យស្បែកមុខរបស់អ្នកមានសុខភាពល្អ ស្រស់ថ្លានិងបំបាត់បញ្ហាអាចម៍រុយយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីសារធាតុផ្សំធម្មជាតិដូចរៀបរាប់ពីខាងលើ លោកអ្នកក៏អាចសាកល្បងជាមួយនឹងវិធីមួយចំនួនទៀតដូចជា ផ្លែល្ហុងទុំ, ត្រសក់, ទឹកដូងខ្ចី, ក្រែមទឹកដោះគោ, តែបៃតង ឬទឹកខ្មេះផ្លែប៉ោមផងដែរ៕