មហាសេដ្ឋី Elon Musk ទើបតែបានជួយឱ្យក្រុមហ៊ុន Tesla សម្រេចបានគោលដៅជាច្រើន ដូច្នេះលោកទទួលបានសិទ្ធិក្នុងការទិញមូលបត្ររបស់ក្រុមហ៊ុន Tesla ក្នុងតម្លៃទាប ពោលគឺស្មើនឹងពាក់កណ្ដាលនៃតម្លៃទីផ្សារ។
អគ្គនាយករបស់ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី Tesla គឺលោក Elon Musk មិនទទួលប្រាក់ខែ ឬប្រាក់រង្វាន់ផ្ទាល់នោះទេ។ យោងតាមកិច្ចព្រមព្រៀងជាមួយភាគហ៊ុនិកកាលពីឆ្នាំ2018 មហាសេដ្ឋីរូបនេះនឹងទទួលបាន20.3លានហ៊ុនរហូតដល់ឆ្នាំ2028 បើសិន Tesla ដើរសម្រេចបានគោលដៅដែលបានកំណត់ទាក់ទិននឹងការរកស៊ី និងដើមទុន។
កាលពីថ្ងៃទី5ឧសភា ដើមទុនជាមធ្យមក្នុងរយៈពេល6ខែកន្លងរបស់ក្រុមហ៊ុន Tesla បានឡើងដល់100ពាន់លានដុល្លារ។ ជាមួយនឹងបណ្ដាគោលដៅដែលសម្រេចបានកន្លងមក លោក Musk បច្ចុប្បន្នមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានសិទ្ធិជ្រើសរើសដំបូង នោះគឺ ការទិញមូលបត្ររបស់ Tesla ចំនួន 1.69លានហ៊ុន ក្នុងតម្លៃត្រឹមតែ350.02ដុល្លារ/ហ៊ុន។ យោងតាមតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla នៅលើទីផ្សារកាលពីថ្ងៃទី5ឧសភា(768ដុល្លារ/ហ៊ុន) ចំនួនមូលបត្រដែលលោក Musk នឹងទទួលបាន នឹងជួយឱ្យលោកចំណេញបានរហូតដល់ 706លានដុល្លារឯណោះ។
ខ្ទង់ប្រាក់ចំណូលសរុបរបស់លោក Musk ត្រូវបានចែកជា12លើក។ យោងតាមការគន់គូររបស់ Tesla បើសិនសម្រេចបានគោលដៅទាំងអស់ មហាសេដ្ឋីរូបនេះនឹងទទួលបានជាង50ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។
លោក Musk បច្ចុប្បន្នកាន់កាប់20% នៃភាគហ៊ុនសរុបរបស់ Tesla។ មហាសេដ្ឋី Elon Musk ឆ្នាំនេះមានអាយុ48ឆ្នាំ គឺជាកំពូលអ្នកមានម្នាក់ក្នុងពិភពលោក ដោយមានទ្រព្យ 38.5ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ Bloomberg Billionaires Index។
ចាប់ពីដើមឆ្នាំ ភាគហ៊ុនរបស់ Tesla បានកើន86% ហើយបានរុញដើមទុនសរុបឡើងដល់144ពាន់លានដុល្លារនាបច្ចុប្បន្ន។ គិតមកដល់ពេលនេះ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តទំនើប និងតម្លៃថ្លៃលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពី Toyota៕
ប្រភព៖ សារព័ត៌មានបរទេស