តើអ្នកម្តាយមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងនៅពេលប្រសូតចេញមកហើយថែមទាំងនៅបានត្រៀមខ្លួនជាស្រេចក្នុងការរៀនយល់ដឹងរឿងផ្សេងៗលើសភាពបរិស្ថានជុំវិញខាងក្រៅបានល្អទៀតផង។ ឥលូវនេះយើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌អ្នកម្តាយ?។
1 – រៀនយល់ដឹងពីការស្តាប់ និងឮ
កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម។ អ្នកម្តាយអាចសាកល្បងបានយ៉ាងងាយ នៅពេលដែលកូនរើខ្លាំងៗនោះ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនថ្នមៗ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។
2 – ប្រែភាសាបានទៀតផង
ពិតប្រាកដណាស់ នៅពេលកូនបានឮក៏នឹងអាចដឹងពីភាសា និងអត្ថន័យនោះបាន អ្នកម្តាយអាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ នឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ដែលធ្លាប់ឮញឹកញាប់បាន ទើបមានការណែនាំឱ្យអ្នកម្តាយដែលផ្ទៃពោះស្តាប់បទភ្លេងតិចៗ ពិរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូនក៏ចូរស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងបាន។
3 – មើលឃើញពន្លឺភ្លើងបានហើយ
ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ អ្នកម្តាយមួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូតអាច នឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។
4 – រៀនយល់ដឹងពីរសជាតិ
ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលអ្នកម្តាយទទួលទានបានចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិ ចាប់តាំងពីសប្តាហ៍ទី 14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលអ្នកម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក់ទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនកូនទៀតផង។ អាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់នៅពេលដល់វ័យដែលស័ក្តិសម។
5 – ចាំក្លឹនម្តាយបានមុនគេទាំងអស់
ក្រៅពីចាំរសជាតិអាហារបានហើយ នៅអាចចាំក្លឹនអាហារបានទៀតផង តែដែលចាំបានល្អបំផុតនោះគឺ ក្លឹនរបស់ម្តាយ អាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីខ្លួនម្តាយបានតែម្តង ហើយរឹតតែចិញ្ចឹមទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា ម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះដល់ថ្នាក់យំងង៉ក់រករឿងទៀតផងពេលមិនបានធុំក្លឹនម្តាយនៅជិតខ្លួននោះ។
6 – ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ
មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32 សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែលោកគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។
7 – ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ
លទ្ធផលស្រាវជ្រាវបានរកឃើញថា ទារកដែលមានអាយុនៅក្នុងគភ៌ 20 សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ អ្នកម្តាយខ្លះដែលធ្វើអាល់ត្រាសោនដ៍នៅបានឃើញបឺតម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅក្រោយពេលកើតចេញមកហ្នឹងឯង៕