វិសាខបូជាគឺជាពិធីបុណ្យដ៏ធំបំផុតមួយនៅក្នុងចំណោមពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រទេសជាច្រើនក្នុងពិភពលោកប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីខែពិសាខជារៀងរាល់ឆ្នាំ ក្នុងបំណងរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន3នៃសម័យពុទ្ធកាល។
វិសាខបូជាបានក្លាយជាពិធីបុណ្យអន្តរជាតិជាផ្លូវការមួយក្នុងពិភពលោក បន្ទាប់ពីត្រូវបានប្រទេសជាច្រើនដែលជាសមាជិកនៃអង្គការសហប្រជាជាតិ អនុម័ត និងទទួលស្គាល់កាលពីឆ្នាំ1999។ ប្រទេសកម្ពុជាក៏បានចាត់ទុកពិធីបុណ្យវិសាខបូជានេះ ជាបុណ្យជាតិដ៏សំខាន់ផងដែរ។ បុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងក្នុងបំណងរម្លឹកដល់ព្រឹត្តិការណ៍ពិសេសៗចំនួន3 ដែលទាក់ទិនទៅនឹងដំណើរជីវិតរបស់ព្រះពុទ្ធ រួមមាន ទីមួយគឺ “ព្រះអង្គទ្រង់ប្រសូត” ទីពីរគឺ “ព្រះអង្គត្រាស់ដឹង និងទីបីគឺ “ព្រះពុទ្ធទ្រង់ចូលព្រះនិព្វាន“។
*ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជ 632ឆ្នាំ។ នៅពេលមានព្រះជន្ម29ឆ្នាំ ទ្រង់ក៏បានយាងទៅសាងផ្នួស ស្វែងរកផ្លូវត្រាស់ដឹងដើម្បីជួយរំដោះទុក្ខសត្វលោក។
*បន្ទាប់ពីបានសាងព្រះផ្នួស និងស្វែងរកធម៌អស់រយៈពេល6ព្រះវស្សា ព្រះអង្គក៏បានត្រាស់ដឹងធម៌ក្នុងលោក និងបានកា្លយជាព្រះសម្មាសម្ពុទ្ធនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។
*ព្រះសម្មាសម្ពុទ្ធ ទ្រង់យាងចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលព្រះអង្គមានព្រះជន្ម80ព្រះវស្សា។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និងយាងចូលព្រះនិព្វាននៅក្នុងថ្ងៃ15កើត ពេញបូណ៌មី ខែវិសាខដូចគ្នា ដោយខុសតែឆ្នាំប៉ុណ្ណោះ។ ដោយតែមានលក្ខណៈដ៏ពិសេសអស្ចារ្យបែបនេះហើយ ទើបបានជាលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកត់ត្រាទុកក្នុងព្រះគម្ពីរពុទ្ធសាសនាថា ជាថ្ងៃមង្គលដ៏មហាអស្ចារ្យសម្រាប់ពុទ្ធសាសនាទាំងមូលនៅលើពិភពលោក។
ពិធីបុណ្យពិសាខបូជាឆ្នាំនេះ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី6 ខែឧសភា ឆ្នាំ2020 ត្រូវនឹងថ្ងៃ15កើត ពេញបូណ៌មី ខែពិសាខ ពុទ្ធសករាជ2563 ជាថ្ងៃចុងក្រោយនៃពុទ្ធសករាជឆ្នាំ2563។ ថ្ងៃខានស្អែកនឹងជាថ្ងៃចូលឆ្នាំថ្មីនៃពុទ្ធសករាជ2564 ដែលត្រូវនឹងថ្ងៃទី7 ខែឧសភា ឆ្នាំ2020៕