តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូងនឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកម្តាយនេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។
លទ្ធផលនៃការតាមដានពិនិត្យមើលអ្នកម្តាយមានគភ៌ជាង 850,000 នាក់ បានដឹងថា អ្នកម្តាយដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំគំណត់ពេល ហើយទារកដែលប្រសូតចេញមកក៏មានសុខភាពរាងកាយរឹងមាំល្អ តែសម្រាប់អ្នកម្តាយដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9,5% ច្រើនតែប្រសូតមុនពេលកំណត់ និងអ្នកខ្លះអាចស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។
អាការចាញ់កូនកើតឡើងបានចំពោះអ្នកម្តាយគ្រប់រូប កើតឡើងដោយសារការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី 2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន បើអ្នកម្តាយមានអាការចាញ់កូន មិនថានឹងច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅលោកគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីលោកគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។ អ្នកម្តាយម្នាក់ណាដែលមានអាការចាញ់កូនខ្លាំងអាចញ៉ាំអាហារដើម្បីសម្រាលអាការបានដូចតទៅ ៈ
1 – ទឹកខ្ញីក្តៅៗ ឬត្រជាក់ ផ្អែមតិចៗ។
2 – បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
3 – នំឃុកគី ឬ គ្រែកឃើរ៍ដុំតូចៗទុកយកញ៉ាំក្នុងពេលថ្ងៃ។
4 – ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។
សម្រាប់អាការចាញ់កូន អាចនិយាយបានថាជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អខ្លាំងណាស់ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕