វីដេអូដំបូងគេបង្អស់នៅលើ Youtube មានរយៈពេលត្រឹមតែ18វិនាទីប៉ុណ្ណោះ ប៉ុន្តែ នៅខាងក្រោយវីដេអូនេះ គឺជារឿងរ៉ាវដ៏អស្ចារ្យដែលនាំឱ្យ Youtube ក្លាយជាបណ្ដាញសង្គមចែករំលែកវីដេអូធំបំផុតក្នុងពិភពលោកនាបច្ចុប្បន្ន។
កាលពី15ឆ្នាំមុន ពោលគឺនៅថ្ងៃទី23មេសាឆ្នាំ2005 សហស្ថាបនិករបស់ Youtube គឺលោក Jawed Karim ដែលត្រូវបានគេស្គាល់ថាជាម្ចាស់គណនី “jawed” នៅលើ Youtube បានបង្ហោះវីដេអូខ្លីមួយដែលមានរយៈពេល18វិនាទី និងមានចំណងជើងថា “ខ្ញុំនៅឯសួនសត្វ” (Me at the zoo)។
ខ្លឹមសារនៃវីដេអូនេះ គឺជាទិដ្ឋភាពដែលលោក Jawed Karim កំពុងឈរនៅក្នុងសួនសត្វ ដោយមានទ្រុង និងសត្វដំរីជាច្រើនក្បាលនៅខាងក្រោយ។ លោក Jawed Karim ចាប់ផ្ដើមដោយការនិយាយថា “បានហើយ យើងកំពុងនៅឯសួនសត្វ នៅខាងមុខសត្វដំរីជាច្រើនក្បាល”។
“ប្រការដែលអស្ចារ្យអំពីបុរសទាំងនេះ នោះគឺពួកគេមានភ្លុកយ៉ាងវែងៗ” Karim បានបញ្ចប់វីដេអូរបស់ខ្លួន ដោយមិនអាចធ្វើឱ្យខ្លីជាងនេះបាន។
វីដេអូដំបូងគេបង្អស់នេះ មិនបានប្រើពាក្យពេចន៍ដែលពួក YouTuber សព្វថ្ងៃនិយាយគ្រប់ៗគ្នានោះទេ ដូចជាឃ្លា “សូមជួយចុច like បើសិនជាអ្នកចូលចិត្តខ្លឹមសារនេះ” ឬថា “ដើម្បីតាមដានវីដេអូថ្មីៗបំផុតរបស់យើងខ្ញុំ សូមចុចsubscribe និងចុចរូបកណ្ដឹង” ។ល។ វីដេអូនេះក៏មិនត្រូវបានបន្ថែម-បន្ថយពន្លឺ ឬពណ៌ ឬមួយកម្មវិធីទីបីណាមួយទាំងអស់។ ទិដ្ឋភាពទាំងមូលត្រូវបានថតយ៉ាងសាមញ្ញជាទីបំផុតដោយកំលោះម្នាក់ដែលមិនមានគេស្គាល់ច្រើន ហើយក៏មិនមានគោលបំណងច្បាស់លាស់។
វីដេអូនេះ បើសិនជាត្រូវបានបង្ហោះនៅក្នុងពេលបច្ចុប្បន្ន នោះប្រហែលជាពិបាកនឹងទាក់ទាញមនុស្សឱ្យចូលមើលសូម្បីត្រឹមតែ100លើក។ ក៏ប៉ុន្តែ ដោយសារតែជាវីដេអូដំបូងគេបង្អស់នៅលើ Youtube វីដេអូនេះបានទាក់ទាញអ្នកចូលមើលដល់ទៅជាង93លានលើក និងការចុច “like” ជាង3លានលើកផងដែរ។
ការចាប់ផ្ដើមរបស់បណ្ដាញសង្គម “យក្ស” ក្នុងពិភពលោក
Jawed Karim កើតឆ្នាំ1979 និងធំឡើងនៅប្រទេសអាល្លឺម៉ង់ តែបានធ្វើដំណើរជាមួយគ្រួសារមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ1992។ បុរសនេះបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Central ហើយក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យ Illinois។
Karim បានចាកចោលសាលារៀននៅមុនពេលបញ្ចប់ការសិក្សា ដើម្បីក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន PayPal ប៉ុន្តែ ក្រោយមកគាត់ក៏បានបន្តការសិក្សារហូតបានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រក្នុងឆ្នាំ2004។
ក្នុងអំឡុងធ្វើការឱ្យ Paypay លោក Karim ក៏បានស្គាល់ Chad Hurley និង Steve Chen។ អ្នកទាំង3 ក្រោយមកក៏មានគំនិតបង្កើតគេហទំព័រចែករំលែងវីដេអូដែលមានឈ្មោះថា Youtube នៅក្នុងឆ្នាំ2005។
គំនិតខាងលើនេះ បានកើតឡើងបន្ទាប់ពី Karim យល់ថា មានការលំបាកខ្លាំងក្នុងការស្វែងរកទិន្នន័យនៅលើអ៊ីនធើណិតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងពិភពលោក ដូចជាគ្រោះមហន្តរាយរលកយក្សនៅមហាសមុទ្រឥណ្ឌានាឆ្នាំ2004 ឬហេតុការណ៍លេចសុដន់របស់កំពូលតារាចម្រៀង Janet Jackson នៅលើឆាកតន្ត្រីជាដើម។ល។
Karim មានគំនិតបង្កើតគេហទំព័រចែករំលែកវីដេអូ ហើយក៏បានយកគំនិតនេះទៅពិភាក្សាជាមួយ Hurley និង Chen។ ពួកគេក៏បានរួមដៃគ្នា បង្កើតគេហទំព័រ Youtube នេះឡើង។
បន្ទាប់ពីការបង្ហោះវីដេអូដំបូងដែលមានចំណងជើងថា “Me at the zoo” ដូចដែលបានលើកឡើងខាងដើម Youtube ក៏ចាប់ផ្ដើមដំណើរការកំណែសាកល្បងនៅក្នុងខែឧសភា ឆ្នាំ2005 ហើយមកដល់ខែវិច្ឆិកា ពួកគេមានកំណែផ្លូវការ។ ចាប់តាំងពីពេលនោះមក Youtube កាន់តែមានមនុស្សចូលប្រើប្រាស់ ដោយការបង្ហោះ និងចែករំលែកវីដេអូកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយរយៈពេល1ឆ្នាំនៃការបង្ហាញខ្លួន នៅខែតុលា ឆ្នាំ2006 ក្រុមហ៊ុន Google បានប្រកាសទិញ Youtube ក្នុងតម្លៃ1.65ពាន់លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែល Google បានចំណាយ គឺពិតជាមហាស័ក្ដិសម ខណៈដែលពេលនេះ Youtube បានក្លាយជាកម្មវិធីចែករំលែកវីដេអូធំជាងគេបង្អស់ក្នុងពិភពលោក ដោយទាក់ទាញមនុស្សចូលមើលប្រមាណជាជាង2ពាន់លានលើកជារៀងរាល់ខែ និង1ពាន់លានម៉ោងក្នុង1ថ្ងៃៗ។
លោក Karim កាលណោះត្រូវបានជ្រើសរើសជាទីប្រឹក្សាសម្រាប់ Youtube ខណៈដែលគាត់កំពុងជានិស្សិតនៅសាលាStanford។ Karim ក៏ទទួលបានភាគហ៊ុនចំនួន 137,443ហ៊ុននៅក្នុងក្រុមហ៊ុន Google ដែលប្រហាក់ប្រហែលនឹង 185លានដុល្លារនាបច្ចុប្បន្ន(ខែឧសភា ឆ្នាំ2020)៕
ប្រភព៖ សារព័ត៌មានបរទស