ភ្នំពេញ៖ បន្ទាប់ពីមានវត្តមានផ្សារទំនើបល្បីៗបានមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជាដូចជា ផ្សារ AEON ផ្សារ Makro Cambodia ដែលបាននិងកំពុងមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងនោះឥឡូវនេះផ្សារទំនើបខ្នាតយក្សដែលជាប់កំណត់ត្រាពិភពលោកប្រសើរបំផុតបានត្រៀមចូលមកដំណើរការនៅលើទីផ្សារកម្ពុជាមួយទៀតហើយ។
កាលពីម្សិលមិញនេះផ្សារទំនើបខ្នាតយក្ស EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េតំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិនៃក្រុមហ៊ុន EMART បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េងក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីត្រៀមដំណើរការនៅកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា អនុស្សារណៈយោគយល់នេះគឺ តំណាងឱ្យវឌ្ឍនភាពថ្មីនៃទំនាក់ទំនងសេដ្ឋកិច្រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ដោយក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះកម្ពុជាបានរីករាយជាមួយនឹងផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដែលសម្រេចបានក្នុងរង្វង់ 7% ជារៀងរាល់ឆ្នាំ។ តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធនៃការទិញទំនិញថ្មីៗដែលក្រុមហ៊ុន EMART
នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់ត្រាប្រសើរបំផុតក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆ្នាំ1990 និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងបទពិសោធរឹងមាំក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជាតាមរយៈការនាំមកនូវបទពិសោធជំនាញបណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិតព្រមទាំងឱកាសការងារដ៏សម្បូរបែបដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
គេរំពឹងថា ក្រៅពីចូលរួមជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាហើយនោះ ផ្សារទំនើបខ្នាតយក្ស EMART នេះអាចនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរបានជាច្រើននាក់ទៀត ទាំងអ្នកមានជំនាញ និងមិនមានជំនាញដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារខ្មែរយើងផងដែរ៕