ចំពោះមុខការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនេះ មានប្រជាជនមួយចំនួនហាក់បង្ហាញភាពរីករាយចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ច ខណៈប្រជាជនមួយចំនួនក៏មានការថ្នាំងថ្នាក់ចំពោះសកម្មភាពរបស់សមត្ថកិច្ចមួយចំនួននៅមូលដ្ឋានរបស់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថាមួយរយៈពេលនេះយើងបានផ្តល់លេខទំនាក់ទំនងទាំងអធិការ និងរហូតដល់ថ្នាក់ដឹកនាំថែមទៀតផង ដើម្បីឱ្យប្រជាពលរដ្ឋរាយការណ៍ចំពោះសកម្មភាពអសកម្មទាំងឡាយណារបស់មន្ត្រីនគរបាលចរាចរណ៍ប្រសិនបើខ្លួនបានជួប។ បន្ថែមពីលើនេះ តាមច្បាប់យើងបានទុកពេលវេលាសមស្របមួយផងដែរសម្រាប់ប្រជាពលរដ្ឋប្តឹង ក្នុងករណីទាំងឡាយណាដែលប្រជាជនយល់ថាការពិន័យរបស់សមត្ថកិច្ចចរាចរណ៍មិនសមស្រប ដោយអ្នកនៅតាមបណ្តាខេត្តគាត់អាចប្តឹងទៅអធិការ ឬសម្រាប់ថ្នាក់ជាតិអាចប្តឹងទៅនាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ ឬបើនៅតែមិនសុខចិត្តអាចប្តឹងទៅតុលាការបាន។
ឯកឧត្តម បញ្ជាក់ផងដែរថា នៅគ្រប់តំបន់យើងបានប្រកាសអស់ហើយនូវលេខទូរស័ព្ទទំនាក់ទំនងរបស់លោកស្នងការ ស្នងការរង និងអធិការជាដើមដើម្បីឱ្យប្រជាជនទាក់ទង។ ហេតុនេះបើមានការអ្វីមិនសុខចិត្តគួរទំនាក់ទំនងទៅថ្នាក់ដឹកនាំ ជាជាងការបង្ករបញ្ហានៅនឹងកន្លែង៕