ចាប់ពីដើមសប្ដាហ៍នេះ រដ្ឋាភិបាលចិននឹងចាប់ផ្ដើមដំណើរការសាកល្បងទូទាត់ដោយលុយយន់អេឡិកត្រូនិកនៅក្នុងទីក្រុងចំនួន4នៃប្រទេសនេះ។
ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ធនាគារប្រជាជនចិន បានដុតដៃដុតជើងជំរុញការអភិវឌ្ឍប្រាក់យន់អេឡិកត្រូនិក ដែលនេះនឹងក្លាយជាខឿនសេដ្ឋកិច្ចធំជាងគេបង្អស់ក្នុងពិភពលោកដែលដំណើរការប្រាក់អេឡិកត្រូនិកមានអធិបតេយ្យភាពដំបូង ខុសពី bitcoin ដែលមិនមានព្រំដែន។
ចាប់ពីខែឧសភា បុគ្គលិករដ្ឋនៅក្នុងទីក្រុង Shenzhen, Chengdu, Suzhou និងទីក្រុង Baoding នឹងទទួលបៀវត្សជាប្រាក់អេឡិកត្រូនិក។ នៅចំពោះមុខ ប្រាក់អេឡិកត្រូនិកនេះ ត្រូវបានប្រើដើម្បីទូទាត់ទៅលើមធ្យោបាយធ្វើដំណើរសាធារណៈ ផ្សារទំនើប ហាងទំនិញផាសុកភាព(ហាងលក់ទំនិញគ្រប់មុខដែលចាំបាច់សម្រាប់ប្រើរាល់ថ្ងៃ) ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ ហើយក្រោយមកនឹងត្រូវបានពង្រីកទៅក្នុងវិស័យផ្សេងៗទៀត។
ប្រាក់យន់អេឡិកត្រូនិក ដំណើរការដូចទៅនឹងក្រដាសប្រាក់ធម្មតា ប៉ុន្តែវាជាទម្រង់កូដក្នុងកាបូបលុយអេឡិកត្រូនិកដែលត្រូវបានទទួលស្គាល់ដោយធនាគារកណ្ដាលរបស់ចិន។ ប្រាក់អេឡិកត្រូនិក អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូទាត់ ទទួល និងផ្ទេរប្រាក់ដូចទៅនឹងកម្មវិធីទូទាត់ប្រាក់តាមអនឡាញដែល Alipay និង WeChat Pay កំពុងធ្វើយ៉ាងដូច្នោះដែរ។ ដើម្បីទូទាត់ ឬទទួលប្រាក់ អ្នកប្រើប្រាស់គ្រាន់តែយកទូរស័ព្ទប៉ះគ្នាគឺជាការស្រេច។
តាមការសន្និដ្ឋាន វត្តមានរបស់លុយអេឡិកត្រូនិករបស់ប្រទេសចិននេះ អាចនឹងធ្វើឱ្យក្រដាសប្រាក់យន់បាត់ខ្លួនពីទីផ្សារពិភពលោកនាពេលខាងមុខមិនខាន។
ជារៀងរាល់ឆ្នាំ កម្មវិធី Ailpay និង WechatPay ត្រូវបានរាយការណ៍ថា ទំហំនៃការទូទាត់មិនប្រើក្រដាសប្រាក់ បានឡើងដល់ 15លានលានដុល្លារអាមេរិក។ ប្រទេសចិនសង្ឃឹមថា ប្រភេទប្រាក់ថ្មីនេះនឹងរួមចំណែកក្នុងការកាត់បន្ថយការទូទាត់នៃប្រភេទប្រាក់ដទៃដែលគំរាមកំហែងដល់ស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ៕
ប្រភព៖ សារព័ត៌មានបរទេស